More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ចម្លើយសារភាព​របស់ «​ឃាតករ ជួប សម្លាប់​» សុទ្ធតែជា​ពាក្យ​ប្រឌិត​មិន​ច្បាស់លាស់​
    Posted Tuesday, July 12, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 3904


    ​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​៤ ថ្ងៃទី​១១ កក្កដា នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​ឃាតករ​ដែល​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី មកឱ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី ដើម្បី​សាកសួរ​តាម​នីតិវិធី​​បន្ទាប់ពី​ការចាប់ខ្លួន​កាល​ថ្ងៃទី​១០ កក្កដា ។ ការសាកសួរ​នោះ​មានតែ​រយៈពេល​ប្រមាណ​១​ម៉ោង​ប៉ុណ្ណោះ ក៏ត្រូវ​បាន​នាំខ្លួន​តាម​រថយន្ត​ប៉ូលិស​ទៅកាន់​ស្នងការដ្ឋាន​វិញ ហើយ​នៅថ្ងៃនេះ (១២ កក្កដា​) អាច​នឹង​នាំខ្លួន​មក​សាកសួរ​បន្តទៀត ។​

    ​សន្តិសុខ​តាមផ្លូវ​ត្រូវបាន​រឹតបន្តឹង ​នៅពេល​បញ្ជូន​ជនសង្ស័យ​ចេញពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រហូត​ចូលក្នុង​បរិវេណ​សាលាដំបូង ។ ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​ត្រូវបាន​គេ​ដាក់​ក្នុង​រថយន្ត​របស់​នគ​របាល អមដោយ​ក្រុម​ម៉ូតូ​ធំៗ​របស់​សមត្ថកិច្ច​តាម​ពីក្រោយ ។ ដោយឡែក ក្រុម​អ្នកសារព័ត៌មាន​ត្រូវបាន​នគរបាល​ច្រាន​ទ្រូង​ឱ្យ​ចេញពី​បរិវេណ​តុលាការ​មក​ក្រៅរបង​ទាំងអស់ ។​

    ​ក្នុងពេល​បញ្ជូន​មកដល់​តុលាការ​ក្រុម​អ្នកសារព័ត៌មាន​មិនបាន​ឃើញ​មុខ​ជនសង្ស័យ​ឡើយ មិន​ត្រឹមតែ​មិនបាន​ថត​ផ្តិត​រូបភាព​ទេ ត្រូវបាន​កង​នគរបាល​ច្រាន​ចេញ​ឆ្ងាយ​ពី​របង​តុលាការ​ទៀត ។ មុន​នាំខ្លួន​ជនសង្ស័យ​ដែលមាន​ឈ្មោះ​មិន​ប្រាកដ​និង​មាន​រហស្សនាម​ថា «​ជួប​សម្លាប់​» នេះ​មកដល់​តុលាការ នគរបាល​បាន​ចំណាយពេល​១​ថ្ងៃ​និង​១​យប់​ដើម្បី​សាកសួរ​បង្គ្រប់​សំណុំរឿង​របស់ខ្លួន ។​

    ​គួរ​កត់សម្គាល់ថា កាលពី​រសៀល​ថ្ងៃទី​១០ កក្កដា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ក្នុង​ថ្ងៃ​ដដែល​នោះ ។​ ​នៅក្នុង​សន្និសីទកាសែត​នេះ​មាន​រយៈពេល​ខ្លី​ជិត​(១០​នាទី​) ក្នុងនោះ​លោកស្នងការ​បានលើកឡើង​ថា ការស្លាប់​របស់លោក​ប​ណ្ឌិ​ត កែម ឡី គឺជា​ការសោកស្តាយ​យ៉ាងខ្លាំង ហើយ​ខ្ញុំ​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ភរិយា​សព និង​កូន​ទាំង​៤​នាក់​របស់គាត់​។ លោក​ថ្លែងថា ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ពេលនេះ​កំពុង​ពរ​ពោះ​ទៀតផង ។​

    ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បាន​អះអាងថា លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតករ​បាញ់​ត្រូវ​ចំនួន​២​គ្រាប់​ក្នុងនោះ​គ្រាប់​ទី​១ ត្រូវ​ក្បាល​បៀម​គ្រាប់ និង​គ្រាប់​ទី​២ គឺ​ត្រូវ​ដើមដៃ​ធ្លាយ​ដល់​ដោះ ។ ជនសង្ស័យ​នេះ គឺជា​ឃាតករ​យ៉ាងពិត​ប្រាកដ ដែលជា​អ្នកបាញ់​សម្លាប់​បណ្ឌិត កែម ឡី ។​

    ​លោកស្នងការ​បញ្ជាក់ថា សមត្ថកិច្ច​នៅ​បន្ត​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ និង​អ្នកសមគំនិត​ក្នុងការ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។ លោក​អះអាងថា យើង​មាន​តម្រុយ​ជាច្រើន​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​នេះ ។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​បានបញ្ជាក់​ទៀតថា សម្រាប់​ឈ្មោះ​ជនសង្ស័យ​ថា «​ជួប​សម្លាប់​» នោះ​គឺ​សមត្ថកិច្ច​មិនទាន់​ជឿ​ទេ ហើយ​កំពុង​ស្រាវជ្រាវ​បន្តទៀត ឃាតករ​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នឹងត្រូវ​បញ្ជូនទៅ​តុលាការ ។​

    ​ជនសង្ស័យ​រូបនេះ​បាន​សារភាពថា ខ្លួន​ជា​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី​ប្រធាន​អង្គការ​អ្នកស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​មកដល់​អយ្យកា​រ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១៦ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ។​

    ​នគរបាល​បាន​បញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត ព្រោះ​ករណីនេះ​ជាការ​រៀបចំ​ទុកជាមុន ។ ទោះបីយ៉ាងណា ការសម្រេច​ចោទប្រកាន់​ផ្លូវការ​គឺ ជា​សមត្ថកិច្ច​របស់​តុលាការ ។​

    ​ក្រោយ​ការចាប់ខ្លួន នៅ​ប៉ុន្មាន​នាទី​ក្រោយ​ធ្វើ​សកម្មភាព​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ នៅក្នុង​ស្តារ​ម៉ា​តនៃ​ស្ថានីយ​ប្រេង​ឥ​ន្ឋ​នៈ​កាល់​តិច កាលពី​វេលា​ម៉ោង​ជិត​០៩​ព្រឹក​ថ្ងៃ​១០ កក្កដា រួចមក ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ឈ្មោះ ទិ​ត្យ សំអុល មាន​រហស្សនាម «​ជួប សម្លាប់​» ។​

    ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) នៅ​ព្រឹក​ថ្ងៃទី​១១ កក្កដា​ជនសង្ស័យ​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​ឯកសណ្ឋាន​ជាម​ន្ត្រី​បរិស្ថាន និង​រូបថត​១​ទៀត​បួស​ជាស​ង្ឃ មានឈ្មោះ អឿ​ត អាង អាយុ​៤៤​ឆ្នាំ និង​មាន​ទីលំនៅ​ភូមិ​ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប មាន​ឪពុក​ឈ្មោះ អឿ​ត ម្ដាយ​ឈ្មោះ ឯម តាប់ អាយុ​៦៤ ឆ្នាំ ។​

    ​ប្រភពពី Facebook ដដែល ជនសង្ស័យ​រូបនេះ​មាន​ប្រពន្ធ ០២​នាក់ និង​មាន​កូនស្រី ម្នាក់​ដោយ​ប្រពន្ធ​ទី​០១ ឈ្មោះ យ៉ាង យឿ​ង (​បាន​លែងលះគ្នា​ហើយ​) ។ ប្រពន្ធ​ទី​០២ ឈ្មោះ ហឿ​ម ហ៊ត់ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​ជនសង្ស័យ និង​មានមុខ​របរ​លក់​គ្រឿងទេស និង​សាច់ជ្រូក ។ បើតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា ជនសង្ស័យ​ឈ្មោះ អឿ​ត អាង ធ្លាប់បាន​បួស​ជា​សង្ឃ​ក្នុង​ឆ្នាំ​២០១៣ នៅ​វត្ត​ប្រាសាទ​ធ្នង់ ស្ថិតក្នុង​ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​ ​នៅ​ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​សឹក​ពី​ភិក្ខុសង្ឃ នៅពេល​មាន​ជម្លោះ​នៅក្នុង​វត្ត​ពើង​តាន​ន់ នៅ​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ ក្រោយពី​សឹក​ជននេះ​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​បរិស្ថាន និង​បាន​ត្រូវគេ​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ។​

    ​មិនមាន​ប្រភព​ច្បាស់ការ​មួយ​ត្រូវបាន​ទំលាយ​ឱ្យដឹង​នោះទេ ថា​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ជាម​ន្ត្រី​បរិស្ថាន​ជាការ​ក្លែងបន្លំ ឬ​បែបណា​ទេ ។ ជាការ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​២៤​ម៉ោង នេះ​ក្រោយ​ការចាប់ខ្លួន​ឃើញថា ជននេះ​បាន​និយាយ​ខុស​គ្រប់​ដំណាក់កាល​ទាំងអស់ ។ ដំបូង​បាន​និយាយថា ខ្លួន​ឈ្មោះ ជួប សម្លាប់ និង​ក្រោយមក​ប្រាប់ថា​ឈ្មោះ ទិ​ត្យ សំអុល អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​បាន​ទៅ​រស់នៅ​ប្រកប​របរ​ជាជាង​លាបថ្នាំ​រថយន្ត និង​ក្រោយ​មកជា​កម្មករ​ចម្ការ​ដំណាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​

    ​ជុំវិញ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវបាន​ជននេះ​ឆ្លើយថា ជំពាក់​លុយ​៣​ពាន់​ដុល្លារ មិន​សង ប៉ុន្តែ​ចម្លើយ​នេះ​ត្រូវបាន​សាធារណៈជន​ទូទៅ​បាន​ច្រានចោល ដោយសារតែ​ធ្វើ​កម្មករ​មាន​លុយរាប់​ពាន់​ដុល្លារ​ឯណា​ឱ្យគេ​ខ្ចី​នោះ ។​

    ​មហាជន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជុំវិញ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ ។ តាំងពី​ថ្ងៃទី​១០ កក្កដា រហូតមកដល់​ថ្ងៃទី​១១ កក្កដា​នេះ អ្វីដែល​ឃាតករ​បាន​សារភាព គឺ​ស្ថិតក្នុង​ភាពអាថ៌កំបាំង​ទាំងអស់ ។​

    ១-​ការប្រើ​ឈ្មោះ​ក្លែងក្លាយ​
    ២-​ការ​ប្រឌិត​សាច់រឿង​ថា បណ្ឌិត កែម ឡី ជំពាក់​ប្រាក់​៣០០០​ដុល្លារ ។​
    ៣-​ការ​សារភាពថា ខ្លួនគេ​ជាជាង​បាញ់ថ្នាំ​ឡាន ។​
    ៤-​ឃាតករ​មាន​ប្រាក់់​ទិញ​អាវុធ​ដ៏​មានតម្លៃ​ដើម្បី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ។​

    ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី បាន​មានប្រសាសន៍​ក្នុង​សន្និសីទកាសែត​នាពេល​រសៀល​ថ្ងៃទី​១០ កក្កដា​ថា ឈ្មោះ ជួប សម្លាប់​នេះ យើង​មិន​ជឿ​ទេ ។ តាំងពីណា​ពី​ណី​មក មិន​ដែលមាន​អ្នកណា​ដាក់ឈ្មោះ សម្លាប់ ឱ្យ​កូន​ទេ ។​

    ​លោក​លើកឡើង​ទៀតថា ខ្មាន់កាំភ្លើង​បាន​បាញ់​លោក​បណ្ឌិត កែម ឡី ក្នុង​ចម្ងាយ​ពីគ្នា ប្រហែល​២​ជំហាន គឺ​បាញ់​ពីក្រោយ​ខ្នង​ចំ​បោះដៃផុត និង​១​គ្រាប់​ទៀត​បាញ់​ក្បាល ។ ការស៊ើបអង្កេត​នឹង​ថ្កោលទោស​លើ​ចំណុច​ថា តើ​មាន​អ្នកបញ្ជា​នៅ​ពីក្រោយ​ឃា​កម្មនេះ ឬក៏​អត់ ?

    ​លោក​គូសបញ្ជាក់ថា ភស្តុតាង​ដែល​យើង​ដកហូត​បាន​ពី​ជនល្មើស​បង្ហាញ​យ៉ាងច្បាស់​ថា ជនល្មើស គឺជា​ឃាតករ​ដែល​បាន​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។​

    ​វីដេអូ​ឃ្លី​ប​រយៈពេល​៣៥​វិនាទី​បង្ហាញ​ពី​ការសារភាពរ​បស់ជនស​ង្ស័​យ​ដែល​ប្រឡាក់​សុទ្ធតែ​ឈាម​លើ​ផ្ទៃមុខ​ផ្នែក​ខាងឆ្វេង និង​ដើមទ្រូង ត្រូវបាន​បង្ហោះ​លើ​គេហទំព័រ​នៅពេល​រសៀល ។  ជននេះ​អះអាងថា ខ្លួន​បាន​ទិញ​កាំភ្លើងខ្លី​មួយ​ដើម នៅក្នុង​ប្រទេស​ថៃ ដើម្បី​សម្លាប់​លោក កែម ឡី  រឿង​ជំពាក់​លុយ​ជាង​១​ឆ្នាំ​មិន​ព្រម​សង ។​

    ​នៅពេល​សួរចម្លើយ​ថា តើ​ខ្លួន​ស្គាល់​លោក កែម ឡី តាម​វិធី​ណា ជននេះ​ឆ្លើយថា «​យើង​ធ្លាប់​ស្គាល់​ជួបគ្នា​» ។ ជននេះ​បាន​និយាយ​អំពី​ប្រាក់​៣.០០០​ដុល្លារ ដែល​ខ្លួន​អះអាងថា បាន​ឱ្យទៅ​លោក កែម ឡី ខ្ចី​ថា «​គាត់​ខ្ចី​យក​ជួយ​ប្រជាជន​» ។​

    ​លោក មឿ​ន តុលា ដែលជា​មិត្ត​ជិតស្និត​របស់លោក​បណ្ឌិត កែម ឡី និង​ដែល​រូបលោក​ផ្ទាល់ ជា​អ្នក​រិះគន់​មិន​សំចៃមាត់ ក្នុងឋានៈ​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា (Central) ត្រូវបាន​ដកស្រង់​ប្រសាសន៍​ដោយ​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ថា អ្នក​ដែលមាន​ផែនការ​ធ្វើឃាត​លោក កែម ឡី ប្រាកដជា​ដឹង​ពី​កន្លែង​លោក ។​

    ​លោក​គូសបញ្ជាក់ថា «​គាត់​មក​ទីនេះ​រាល់ថ្ងៃ ដើម្បី​ពិសា​កាហ្វេ និង​ជួបជុំគ្នា លើកលែងតែ​គាត់​មាន​បេសកកម្ម​ចុះ​ទៅតាម​ខេត្ត​» ហើយ​លោក​បាន​ច្រាន​ចោលការ​សារភាពថា មិត្ត​របស់លោក​ត្រូវបាន​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ ដោយសារ​ជំពាក់​លុយ​គេ​មិន​ព្រម​សង ៕
    (all readers's comments can help improve the information, as well as better social)