More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ចាប់ខ្លួន​យុវជន​ម្នាក់ បង្ហោះ​រូបភាព​-​វីដេអូ អាសអាភាស​ក្មេងស្រី តាម Facebook គំរាម​ទារប្រាក់​
    Posted Saturday, August 20, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1707


    ​ភ្នំពេញ​៖ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សាន សុង​ហៀ​ង ហៅ ហៀ​ង ប្រភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពីបទ​បង្ហោះ​រូបភាព​អា​អាភាស​របស់​ក្មេងស្រី តាម​បណ្តាញ​សង្គម Facebook និង​គំរាម​ទារប្រាក់ ស្ថិតនៅ​ហាង Internet នៅ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    ​មន្ត្រីនគរបាល​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជាម​នុស្ស​ចូលចិត្ត​ចំណាយពេល ប្រើប្រាស់​បណ្តាញ​សង្គម Facebook ដោយ​រូបគេ​មាន​គណនី​ចំនួន ១១​គណនី ដែល​គណនី​បង្កើត​ផ្ទាល់ខ្លួន​ចំនួន​៥ និង​គណនី​៦​ទៀត គឺ​លួច​យក​លេខ​សំងាត់​អ្នកដទៃ មក​ធ្វើ​កម្មសិទ្ធិ​របស់ខ្លួន​។ ការប្រើប្រាស់ Facebook នេះ ជនសង្ស័យ​ពុំបាន​ដាក់​រូប​ផ្ទាល់ខ្លួន​ទេ ដោយហេតុ​គេ​មិន​ស្អាត ដូចនេះ​រូបគេ បាន​ប្រើប្រាស់​រូបថត​អ្នកដទៃ មក​ក្លែងបន្លំ​ជា​របស់ខ្លួន ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​មិត្តភក្តិ​លើ Facebook ពិសេស​ក្មេងស្រីៗ​។​

    ​សមត្ថកិច្ច​បញ្ជាក់ទៀតថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១២ ជនសង្ស័យ​បាន​ស្គាល់​កុមារី​រងគ្រោះ ឈ្មោះ ឆ ម អាយុ​១៤​ឆ្នាំ លើ Facebook ហើយ​បាន​ស្រឡាញ់គ្នា ក្រោយពី​ស្គាល់គ្នា​បាន​មួយ​រយៈពេល​។ បន្ទាប់ពី​ស្គាល់គ្នា​ប្រមាណ​កន្លះ​ឆ្នាំ គឺ​កំឡុង​ឆ្នាំ​២០១៣ ជនសង្ស័យ​បាន​លួងលោម កុមារី​រងគ្រោះ​ឲ្យ​ផ្ញើ​រូបភាព និង​វីដេអូ​អាក្រាត មក​ឲ្យ​ខ្លួន កុមារី​រងគ្រោះ​ក៏​ព្រម​ផ្ញើ​រូបភាព និង​វីដេអូ​មួយចំនួន ឲ្យ​ជនសង្ស័យ​។ ក្រោយមក​ឆ្នាំ​២០១៤ ជនសង្ស័យ​ដឹងថា កុមារី​រងគ្រោះ​លួច​មាន​សង្សារ​ថ្មី ដូច្នេះ​ធ្វើ​ឲ្យ​គេ​ខឹងសម្បា ហើយ​បាន​បង្ហោះ​រូបភាព​អាក្រាត របស់​កុមារី​រងគ្រោះ​លើ​បណ្តាល Facebook​។ ជា​ថ្នូរ​នឹង​ការ​លុប​រូបភាព​អាក្រាត របស់​កុមារី​រងគ្រោះ ជនសង្ស័យ​តម្រូវ​ឲ្យ​កុមារី​ផ្ទេរប្រាក់​ឲ្យ​ខ្លួន តាម wing ឬ True Money​។​

    ​សមត្ថកិច្ច​បន្តថា ជនសង្ស័យ​បាន​បន្តធ្វើ​សកម្មភាព បង្ហោះ​រូបភាព​អាក្រាត​ក្មេងស្រី ប្រមាណ​៣-៤​ដង ដោយសារ​ការ​បង្ហោះ​នេះ ត្រូវបាន​លុប​ពី Facebook លុះត្រា​ក្មេងស្រី​វេ​ប្រាក់​ឲ្យ​គេ ដោយ​កំឡុង​ខែមិថុនា ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃ​ឃាត់ខ្លួន ជនសង្ស័យ​បានទទួល​ប្រាក់ ចំនួន​ប្រហែល​១៥​ដង ដោយ​ម្តងៗ​ពី​១០​ទៅ​២០​ដុល្លារ​។​

    ​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ថ្ងៃ​ចុងក្រោយ​ដែល​ជនសង្ស័យ​ទទួល​ប្រាក់ ពី​កុមារី​រងគ្រោះ គឺ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ហើយដោយ​មានការ​ដុត​ដៃ​ដុតជើង ស្រាវជ្រាវ​មុខសញ្ញា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានធ្វើការ​ស្រាវជ្រាវ រហូត​ដល់កំណត់​មុខសញ្ញា និង​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦​។​

    ​បន្ទាប់ពី​ការសួរចម្លើយ​ជនសង្ស័យ បាន​សារភាព ហើយ​បច្ចុប្បន្ន​នគរបាល បាន​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

    ​ជាមួយគ្នានេះដែរ សមត្ថកិច្ច សូម​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម Facebook សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​ការចាញ់បោក​ជនខិលខូច ដែល​ប្រើប្រាស់​បណ្តាញ សង្គម FacebooK ធ្វើ​សកម្មភាព​ឆបោក​ផ្សេងៗ​៕
    (all readers's comments can help improve the information, as well as better social)