Posted Tuesday, December 27, 2016 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 2519


​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ នេះ​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ កំពុងតែ​ពិនិត្យ​មើលផ្លូវ​ច្បាប់​ទៅលើ​មនុស្ស​មួយចំនួន និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​មួលបង្កាច់​គ្មាន​ការពិត​ពាក់ព័ន្ធ​ករណី​មន្ត្រី​លេខា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តបន្ទាយមានជ័យ បើកឡាន​បុក​មន្ត្រីនគរបាល​អន្តោប្រវេសន៍ នៅ​ច្រកទ្វារ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែវ វណ្ណ​ថន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​អ្នកនាំពាក្យ បាន​មានប្រសាសន៍ថា ការលើកឡើង​របស់ តំណាងរាស្ត្រ​គណបក្សប្រឆាំង គឺថា​ពុំមាន​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​ពុំមាន​ភស្តុតាង​អ្វីដែល​យកមក​បញ្ជាក់​ទេ គឺជា​ការ​ញុះញង់ ដែល​ធ្វើ​ឲ្យ​សាធារណជន មានការ​ភ័ន្តច្រឡំ ខុសពី​ការពិត យើង​មិនអាច​ទទួលយកបាន​នូវ​ការ​មួលបង្កាច់ និង​វា​ខុស​ឆ្ងាយ​ពី​ការពិតហើយ​ធ្វើ​ឲ្យ​ខូច​ដល់​កិត្តិយស​របស់​បុគ្គល​ជា​ជនរងគ្រោះ​ផង និង​ប៉ះពាល់​ដល់​កិ​ត្កិ​យស​ស្ថាប័ន​ទាំងមូល​។ យើង​គិត​មើល តំណាងរាស្ត្រ​បានន័យថា​អ្នកច្បាប់​គាត់​មួលបង្កាច់​ថា​ប្រើល្បិច​យួន​។ ពាក្យ​ថា​នគរបាល​អន្តោប្រវេសន៍​ប្រើល្បិច​យួន គឺថា​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​យើងខ្ញុំ​ដែលជា​សមត្ថកិច្ច​។​


​លោក​បាន​បញ្ជាក់ថា អ្នកណា​ដែល​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់ គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​ហើយ ហើយ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ កំពុងតែ​ពិនិត្យ​មើលផ្លូវ​ច្បាប់​៕
(all readers's comments can help improve the information, as well as better social)