More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • ៥​ខែ​ហើយ​តើ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី នៅទីណា​? តុលាការ​បាន​ត្រឹម​ប្រើពាក្យ​ថា ស៊ើបអង្កេត​
    Posted Wednesday, January 04, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Political | Read 3186


    យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី នៅ​មិនទាន់មាន​ពន្លឺ​នៅឡើយ​ទេ បន្ទាប់ពី​លោក​ត្រូវបាន​ក្មាន់កាំភ្លើង​បាញ់សម្លាប់​រហូតមកដល់​ពេលនេះ​មាន​រយៈ​៥​ខែ​ហើយ យុត្តិធម៌​បានត្រឹមតែ​ស្ថិតក្នុង​ការស៊ើបអង្កេត​នៅឡើយ ។​

    ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៅ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ជជែក​គ្នា​ពី​ការស្វែងរក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​របស់លោក​បណ្ឌិត កែម ឡី ថា ការស្វែងរក​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​របស់លោក​នៅ​មិនទាន់មាន​ពន្លឺ​នោះ​ទៀត ។ ក្រៅពី​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល​នាំគ្នា​និយាយ​ពី​រឿង​យុត្តិធម៌​នេះ បណ្ដា​អង្គការ​សង្គម​ស៊ីវិល​នានា ក៏បាន​ធ្វើការ​រិះ​គន​ម្ដង​ហើយ​ម្ដងទៀត​ពី​ឆន្ទៈ​ក្នុងការ​ស្វែងរក​យុត្តិធម៌​នេះ ដោយបាន​ទាមទារ​ឲ្យ​បើក​បង្ហាញ​កា​មេ​រា​សុវត្ថិភាព និង​មានការ​សួ​នាំ​ពី​ដំណើរការ​នៃ​ការស៊ើបអង្កេត​នោះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​អះអាងថា សំណុំ​រឿងនេះ​តុលាការ​កំពុង​បន្ត​នីតិវិធី​ក្នុងការ​ស៊ើបអង្កេត​នៅឡើយ ។​

    ​យ៉ាងណា​មហាជន​ទាំង​នៅក្នុង​ស្រុក និង​នៅក្រៅ​ស្រុក​មិន​មានជំនឿថា សំណុំរឿង​របស់លោក​ឧ​ត្ត​ម​បណ្ឌិត កែម ឡី អាច​ទទួលបាន​យុត្តិធម៌​នោះទេ ពីព្រោះ​មាន​បទពិសោធ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ លែងមាន​ជំនឿ​ចិត្ត​លើ​តុលាការ​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ ដោយសារតែ​សំណុំរឿង​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ការពារ​បរិស្ថាន​មាន​លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​សំណុំរឿង​ព្រះ​តេជគុណ សំ ប៊ុនធឿន ជាដើម តុលាការ​មិនបាន​ផ្ដល់​យុត្តិធម៌​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​នោះទេ​រហូតមកដល់​នេះ ។​

    ​តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​ប្រព​ន្ធ័​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​អសមត្ថភាព ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ? ប្រសិនបើ​និយាយ​ពី​ប្រព​ន្ធ័​យុត្តិធម៌ មន្ត្រី​ដែល​ធ្វើ​ការងារ​សព្វថ្ងៃ​ក្នុង​ប្រព​ន្ធ័​មួយ​នេះ មិនមែន​មិនមាន​ចំណេះដឹង​នោះទេ ។ ពីព្រោះ​មន្ត្រី​ដែល​កំពុង​បម្រើ​ការងារ ភាគច្រើន​សុទ្ធតែជា​បណ្ឌិត ដែល​បានបញ្ចប់​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ។ ក៏ប៉ុន្តែ​បណ្ឌិត​ទាំងនោះ​ភាគច្រើន ត្រូវបាន​មហាជន​ឲ្យ​តម្លៃ​ត្រឹមតែ​ជា​បុគ្គល​លក់​ឧ​ត្ត​ម​គតិ និង​ចំណេះដឹង​ដើម្បី​ចិញ្ចឹម​គ្រួសារ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិនមែនជា​អ្នកស្វែងរក​យុត្ត​ធម៌ និង​កាត់ក្ដី​ប្រកបដោយ​វិជ្ជាជីវ​នោះទេ ។​

    ​ជាងនេះទៀត មូលហេតុ​ដែល​ធ្វើ​យុត្តិធម៌​មិនអាច​កើតមាន​សម្រាប់ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​តាមរយៈ​ការវិភាគ ធ្វើការ​តស៊ូ​មតិ​ដោយ​ការធ្វើ​បាតុកម្មអហិង្សា​សកម្ម​ក្ដី នោះ​គឺ​ដោយសារតែ​បុគ្គល​ទាំងនោះ​ត្រូវបាន​គេ​សម្លាប់​ក្រោម​រូប​ជា​រឿង​នយោបាយ ដែល​អាចមាន​ជាប់​ពាក់​ព​ន្ធ័​ទៅ​បុគ្គល​អ្នកមានអំណាច ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃនេះ ។​

    ​ដោយឡែក​ទៅ​មើល​ស្ថាប័ន​យុត្តិធម៌​ង​វិញ ត្រូវបាន​មនុស្សម្នា​គ្រប់​មជ្ឈដ្ឋាន​ដឹងថា ជា​ស្ថាប័ន​មួយ​ដែល​គ្រប់គ្រង​ដោយ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដឹកនាំ​រដ្ឋាភិបាល ដោយសារតែ​មន្ត្រី​តុលាការ​ស្ទើរតែ​ទាំងអស់ គឺជា​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ។ ងាក​ទៅ​ក្រសួងយុត្តិធម៌ ឯណោះ​វិញ ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​មួយ​នេះ ក៏​ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចគ្នា ។ ដូច្នេះ​ប្រសិនបើ សំណុំរឿង​ទាំងនេះ​មានការ​ជាប់​ពាក់​ព​ន្ធ័​ជាមួយនិង​មន្ត្រី​រដ្ឋាភិបាល​នោះ តើ​យុត្តិធម៌​អាច​កើតមាន​ទេ​សម្រាប់​ក្រុមគ្រួសារ​ជនរងគ្រោះ ? ចំ​ឡើយនៃ​សំនួរ​នេះ សូម​ប្រិយមិត្ត​អ្នកអាន ទទួល​ឆ្លើយ​ខ្លួនឯង​ចុះ​ថា រឿង​ឃាតកម្ម​ដែល​កើតឡើង​សម្រាប់​អ្នកស្នេហាជាតិ​នរណា​ជា​អ្នក​សម្លាប់ ហើយ​យុត្តិធម៌​អាច​កើតមាន​ឬ​យ៉ាងណា​នោះ ។​

    ​សូមបញ្ជាក់ថា លោក​បណ្ឌិត កែម ឡី គឺជា​អ្នកវិភាគ​បញ្ហា​សង្គម​មួយរូប ដែល​ធ្វើការ​រិះគន់​រដ្ឋាភិបាល​ដោយ​មិន​ខ្លាចញញើត និង​ការ​គម្រាមកំហែង​ឡើយ ។ កាលដែល​លោក​ឧ​ត្ត​ម​បណ្ឌិត​នៅមាន​ជីវិត លោក​ធ្លាប់បាន​និយាយ​ប្ដេជ្ញាចិត្ត​ថា ប្រសិនបើ​យើង​តាំងខ្លួន​ជា​អ្នកវិភាគ គឺ​ត្រូវ​ហ៊ាន​លះបង់​ជីវិត​ដើម្បី​និយាយ​ការពិត ជាជាង​និយាយ​ការពារ ។ ស្របគ្នា​នោះ​លោក ហ៊ុន សែន ក៏​ធ្លាប់បាន​ហៅ​លោក​បណ្ឌិត កែម ឡី ថា ជា​អា​ល្ងង់​ទូរ អា​ក្មេង​ព្រហើន លោក ឯង​ប្រហែល​មិនទាន់​ស្គាល់​ខ្ញុំ​ទេ​ថា​ខ្ញុំ​មាន​ប្រ​វត្ត​មកពីណា បន្ទាប់ពី​លោក​បណ្ឌិត កែម ឡី បាន​រិះគន់​លោក ហ៊ុន សែន ថា​ប្រសិនបើ​លោក ហ៊ុន សែន មិន​ទទួលបាន​ព័ត៌មាន​ពី​ការទាមទារ​របស់​ប្រជាពលរដ្ឋ នោះ​មកពី​លោក ហ៊ុន សែន មិន​មើល​ព័ត៌មាន ហើយ​ប្រសិនបើ​មន្ត្រី​របស់លោក មិន​ផ្ដល់ព័ត៌មាន​ឲ្យ​ហេតុអ្វី​មិន​ដក​ចោល ។​

    ​ក្រៅពីនេះទៀត លោក​បណ្ឌិត កែម ឡី បានធ្វើ​រឿង​ជាច្រើន​ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គមជាតិ និង​សាសនា ដែល​រូបលោក​បាន​ក្លាយជា​ឆ្អឹង​ទទឹង​ក​របស់​រដ្ឋាភិបាល ពីព្រោះ​រូបលោក​ជា​អ្នកស្រាវជ្រាវ​បញ្ហា​នានា ដែល​កើតមាន​ក្នុង​សង្គមជាតិ​កម្ពុជា ហើយ​ការងារ​ដែល​លោក​បានធ្វើ និង​កំពុង​ធ្វើ​នេះ​គឺជា​ការជីក​កកាយ​រឿង​ពី​ឬ​សគល់​នៃ​បញ្ហា​ដែល​កើតមាន​នៅក្នុង​សង្គម ដែល​ភាគច្រើន​ត្រូវបាន​ប្រព្រឹត្ត​ដោយ​មន្ត្រី​រដ្ឋាភិបាល ។​នៅពេលដែល​លោក​បណ្ឌិត កែម ឡី ធ្វើការ​វិភាគ​នៅលើ​ប្រព​ន្ធ័​ផ្សព្វផ្សាយ មាន​វិទ្យុ​អាស៊ី​សរី វី​អូ​ឌី ជាដើម បានធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ភាពអាម៉ាស់ និង​ខឹងសម្បា​យ៉ាងខ្លាំង​ទៀតផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការវិភាគ​របស់លោក​បណ្ឌិត កែម ឡី ក៏​អាចធ្វើឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​ប្រជាប្រិយភាព​និង​ការគាំទ្រ ហើយ​រហូត​មានការ​ចាញ់ឆ្នោត​នៅក្នុង​អាណត្តិ​ណាមួយ​ផង​ក៏​ថា​បាន ៕
    (all readers's comments can help improve the information, as well as better social)