Posted Thursday, January 05, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Political | Read 987


​គេហទំព័រ​សម្រាប់​ពិនិត្យមើល​ឈ្មោះ​អ្នកបោះឆ្នោត​មាន​អាសយដ្ឋាន www.voterlist.org.kh
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាសថា មាន​អ្នក​លួច​ចូល​រំខាន​ដល់​គេហទំព័រ​ពិនិត្យ​ឈ្មោះ​ក្នុង​គេហទំព័រ គ​.​ជ​.​ប នាំ​ឲ្យ​ពិបាក​ក្នុង​ការចូល​ស្វែងរក​ឈ្មោះ ប៉ុន្តែ​ថា​មិន​ធ្វើ​ឲ្យ​បាត់បង់​ទិន្នន័យ​ឬ​បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរ​បោះឆ្នោត​នោះទេ​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប លោក ហង្ស ពុទ្ធា ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រឹក​នេះ​ថា គេហទំព័រ​សម្រាប់​ពិនិត្យមើល​ឈ្មោះ​អ្នកបោះឆ្នោត​មាន​អាសយដ្ឋាន www.voterlist.org.kh រង​ការរំខាន​ពី​ក្រុម​អ្នក​លួច​ទិន្នន័យ​។ លោ​កថា​អ្នក​ដែល​ចូល​រំខាន​នោះ​នៅក្រៅ​ប្រទេស តែ​លោក​មិន​ប្រាប់ថា​នៅ​ប្រទេស​ណាមួយ​នោះទេ​។​

​ទោះយ៉ាងណា លោក ហង្ស ពុទ្ធា បញ្ជាក់ថា បញ្ហា​នោះ​ដោះស្រាយ​ហើយ ចំណែក​ទិន្នន័យ​នានា​មិនមាន​ការប៉ះពាល់​ទេ ម្យ៉ាងទៀត​ពេលនេះ​ទាំង​អ្នកជំនាញ​ខ្មែរ​និង​ជនជាតិ​ជប៉ុន​កំពុង​តាមដាន​។​

​លោក ហង្ស ពុទ្ធា ក៏បាន​អំពាវនាវ​កុំ​ឲ្យ​សាធារណជន​មានការ​ព្រួយបារម្ភ ព្រោះ​លោក​ថា​ទិន្នន័យ​ដើម មិនមែន​ទុក​នៅក្នុង​គេហទំព័រ​នោះ​មួយកន្លែង​ទេ គឺមាន​កន្លែង​សុវត្ថិភាព​ផ្សេងៗ​ទៀត​សម្រាប់​រក្សាទុក​៕
(all readers's comments can help improve the information, as well as better social)