More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • រឿង​សោ​ភ័​ណ្ឌ​សោកស្តាយ ខណៈ​សុវណ្ណ​ឌឿ​ន ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
    Posted Wednesday, March 01, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Sports , Local | Read 2278


    ​នៅ​ទី​បំផុតជើង​ខ្លាំង​របស់​កម្ពុជា រឿង សោ​ភ័​ណ្ឌ បាន​ត្រឹម​លុតជង្គង់​បង្ហាញ​ពី​ការសោកស្តាយ បន្ទាប់ពី​គណៈកម្មការ​ប្រកាស​ឲ្យ​រូបគេ​ចាញ់​ជើង​ខ្លាំង​របស់​ឡាវ Thav Uolan ក្នុង​ការប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់ ៦៩ គ​.​ក្រ នៅ​សង្វៀន SEATV កាលពី​ថ្ងៃ​សៅរ៍ ផ្ទុយ​ពីនេះ ឡុង សុវណ្ណ​ឌឿ​ន បានឈ្នះ​ជើង​ខ្លាំង​ថៃ Keng Kat ដើម្បី​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    ​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការប្រកួត​នេះ ត្រូវបាន​ភាគី​ចាញ់ ប្រតិកម្ម​ឡាំប៉ា​តវ៉ា​ដូចគ្នា ដោយសារតែ​ភាគី​ទាំងសងខាង សុទ្ធតែ​សំអាង​លើ​ភាព​មានប្រៀប​ឈ្នះ​ដូចគ្នា​។ ជាក់ស្តែង រឿង សោ​ភ័​ណ្ឌ បាន​ហៅ​ចៅក្រម​ទាំង ៥ នាក់​ថា មាន​ភាពលម្អៀង​កាន់តែច្បាស់​ទៅលើ​កីឡាករ​បរទេស​។​

    ​សោ​ភ័​ណ្ឌ និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​រឿង​ចាញ់​ខ្ញុំ​មានការ​សោកស្តាយ ហើយ​ការផ្តល់​ពិន្ទុ​ពី​ចៅក្រម ៥ ទល់នឹង​សូន្យ វា​ហាក់បីដូច​ចៅក្រម​ណាត់គ្នា​អ៊ីចឹង គឺ​វា​មិន​ស័ក្តិសម​ទៅនឹង​ការប្រកួត​ជាក់ស្តែង ដែល​ខ្ញុំ​វ៉ៃ​ឲ្យ​គេ​បែក​បញ្ជូនទៅ​គ្រូពេទ្យ​ជូត​ឈាម​ចំនួន ២ លើក​នោះទេ​។ នៅ​សង្វៀន​នេះ​មហាជន​គាំទ្រ​ខ្ញុំ​ច្រើនណាស់ ភាគច្រើន​ជេរ​ចៅក្រម​ខ្មែរ​កាន់ជើង​កីឡាករ​បរទេស​ផ្កាប់មុខ នាំ​ឲ្យ​កីឡាករ​ខ្មែរ​មួយចំនួន​លែង​ចង់​ឡើង​ប្រកួត​ទៀត​»​។​

    ​សិស្សគណ​ក្លិប​មកុដ​រាជសីហ៍​រូបនេះ បាន​បញ្ជាក់ថា​៖ «​ទង្វើ​បែបនេះ​ធ្វើ​ឲ្យ​ខ្ញុំ​សុំ​ពេល​នឹង​ពិចារណា​ចំពោះ​វត្តមាន ដែល​បាន​ព្រមព្រៀងគ្នា​ប្រកួត​នៅ​សង្វៀន​នេះ​ចំនួន ៣ លើក នៅក្នុង​ខែមីនា​ខាងមុខ គឺ​ខ្ញុំ​អាច​នឹង​លុបចោល ឈប់​ហើយ​ទៅរក​ស៊ី​លក់​កាហ្វេ​វិញ​»​។​

    ​តាម​ការប្រកួត​ជាក់ស្តែង រឿង សោ​ភ័​ណ្ឌ មានប្រៀប​បន្តិចបន្តួច​ពី​ទឹក​ទី ១ ដល់​ទឹក​ទី ៣ ហើយ​នៅ​ដើម​ទឹក​ទី ៤ គេ​បាន​វាយ​ឲ្យ Thav Uolan បែក​ក្រោម​ភ្នែក​ជាង ១០ ថ្នេរ ប៉ុន្តែ​ចាញ់​ប្រៀប​ក្បាច់​ជង្គង់​នៅ​ចុង​ទឹក​ទី ៤ និង​ទី ៥ ដោយបាន​ដួល ២ លើក​។​

    ​លោក រាជ សុ​ផែន ប្រធាន​វិនិច្ឆ័យ និយាយថា​៖ «​ខ្ញុំ​សោកស្តាយ​ដែរ​ដែល រឿង សោ​ភ័​ណ្ឌ បាត់​ឱកាស​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​គេ​ជា​កីឡាករ​មាន​ប្រជាប្រិយ​ណាស់ ប៉ុន្តែ​លទ្ធផល​ចេញពី​សំណាក់​ចៅក្រម​គឺ រឿង សោ​ភ័​ណ្ឌ ចាញ់ ៥ ទល់ ០ ជា​ឯកច្ឆន្ទ​។ ប៉ុន្តែ​ក្លិប​គួរ​អប់រំ​ហ្វឹកហាត់​បន្ត ដោយ​យើង​មានឱកាស​ច្រើន​ទៀត​»​។​

    ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​គុន​ខ្មែរ ដែលជា​គណៈអធិបតី​ផ្ទាល់ បាន​និយាយថា​៖ «​ខ្ញុំ​មើលឃើញថា ពិន្ទុ​ចាញ់​គេ​ហើយ ពិសេស​នៅ​ចុង​ទឹក​ទី ៥ តែម្តង ហើយ​កាលពី​ប្រកួត​វគ្គ​ជម្រុះ ក៏​ចាញ់​គេ (Thav Uolan) ដែរ ប៉ុន្តែ​ចៅក្រម​យើង ចេះតែ​យឹតយោង​ឲ្យ​ឈ្នះ​ទៅ​»​។​

    ​ចំណែក​លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត និយាយថា​៖ «​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​ការងារ​នេះ​ជា​បច្ចេកទេស​របស់​មន្ត្រី​សហព័ន្ធ ដោយ​ក្នុង​ខែៗ​ប្រជុំ​ញឹក​ណាស់​រឿង​ផ្តល់​ពិន្ទុ​នេះ​។ ខ្ញុំ​នៅតែ​ស្វាគមន៍​វត្តមាន រឿង សោ​ភ័​ណ្ឌ ជានិច្ច ហើយ​ខាង​អ្នក​ឧបត្ថម្ភ​កម្មវិធី ក៏​ចង់​បានតែ​គេ​ទៀត ព្រោះ​មាន​អ្នកទស្សនា​គាំទ្រ​ច្រើន​»​។​

    ​ផ្ទុយ​ពីនេះ ឡុង សុវណ្ណ​ឌឿ​ន ដែលមាន​ប្រៀប​លើ​ថៃ Keng Kat បន្តិច​ប​ន្ទួ​ច​នោះ ត្រូវបាន​ចៅក្រម​កាត់ក្តី​ឲ្យ​ឈ្នះ​ជា​ឯកច្ឆន្ទ​ដែរ ដែល​ធ្វើ​ឲ្យ​ភាគី​ខាង​ថៃ លោក ថា​ន់ វ៉ា​ឡេ​ក និយាយថា គណៈកម្មការ​មិន​យុត្តិធម៌​។ ទោះជា​យ៉ាងណា តាម​ការ​ទស្សនា​ផ្ទាល់ Keng Kat វាយ​ថយ​ខ្លាំងពេក ហើយ​ការ​ចាញ់​របស់គេ​លើក​នេះ​វា​ស័ក្តិសម​ណាស់​៕
    (all readers's comments can help improve the information, as well as better social)