More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • អ្នក​ជំនាញ​ព្រមាន​ពី​ហានិភ័យ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ខណៈ​ការ​ប្រាក់​ត្រូវ​បន្ទាប
    Posted Tuesday, March 14, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Economics | Read 2961


    ភ្នំពេញៈ ប្រតិកម្ម​តប​វិញ​បាន​ចេញ​ជា​បន្ត​បន្ទាប់​ក្នុង​ចំណោម​អ្នក​ជំនាញ​ក៏​ដូច​ជា​អ្នក​ដែល​យល់​ដឹង​ពី​វិស័យ​ហិរញ្ញវត្ថុ​។

    នៅ​តាម​បណ្តាញ​សង្គម​គេ​ឃើញ​មាន​ការ​ពិភាក្សា​គ្នា និង​លើក​ឡើង​ពី​ហេតុផល​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ ខណៈ​អាជ្ញាធរ​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ដាក់​ពិតាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​ពី​១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ចំពោះ​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់ និង​ប្រតិបត្តិ​ករ​ឥណទាន​។

    គ្រាន់​តែ​ចេញ​ដំណឹង​នេះ​ភ្លាម សមាជិក ​MFI កោះ​ប្រជុំ​ជា​បន្ទាន់​ផង​ដែរ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។

    ការ​លូក​ដៃ​អន្តរាគមន៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ លើ​អត្រា​ការ​ប្រាក់​កម្ចី នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រី ការពារ​ជាតិ លោក ទៀ បាញ់​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​អន្តរាគមន៍​បន្ទាប​អត្រា​ការ​ប្រាក់​កម្ចី​។

    ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាល​ពី​ម្សិលមិញ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​អន្តរាគមន៍​លើ​អត្រា​ការ​ប្រាក់​កម្ចី​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន ដោយ​បាន​កំណត់​មិន​ឲ្យ​មាន​អត្រា​ការ​ប្រាក់​កម្ចី​លើសពី​ ១៨ ភាគរយ​ក្នុង​មួយ​ឆ្នាំ សម្រាប់​កម្ចី​ចេញ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​។

    ជា​ការ​អះអាង​របស់​ធនាគារ​ជាតិ​គោលដៅ​នៃ​ការ​កំណត់​ថ្មី​នេះ គឺ​ដើម្បី​ការពារ​អតិថិជន​ពី​ការ​ទទួល​កម្ចី​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ពេក និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាព​។

    ប៉ុន្តែ​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ និង​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា​ការ​ធ្វើ​អន្តរាគមន៍​បែប​នេះ​អាច​ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ឬ​អាច​នឹង​ឈាន​ដល់​បញ្ឈប់​ប្រតិបត្តិការ​។

    ពួក​គេ​ក៏​បាន​ព្រមាន​ពី​ហានិភ័យ​ថា​នឹង​ធ្វើ​ឲ្យ​ប្រជាជន​តាម​តំបន់​ជន​បទ​មួយ​ចំនួន​ធំ​លែង​មាន​ឱកាស​ទទួល​កម្ចី​ពី​គ្រឹះស្ថាន​ផ្លូវ​ការ​នា​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ពី​ម្សិលមិញ​៖ «​ពិតាន​អត្រា​ការ​ប្រាក់​ឥណទាន​មាន​កម្រិត ១៨ ភាគរយ​ក្នុង​មួយ​ឆ្នាំ នឹង​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧ នេះ​តទៅ​ជា​កំហិត​»​។

    ការ​កំណត់​នេះ​គឺ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​។

    តំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា និង តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​។

    យ៉ាង​ណា​ក៏​ដោយ ការ​ចេញ​ប្រកាស​ស្តីពី​ការ​ធ្វើ​អន្តរាគមន៍​បន្ទាប​ការ​ប្រាក់ ដោយ​កំណត់​មិន​ឲ្យ​ខ្ពស់​ជាង ១៨​ ភាគរយ​ក្នុង​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​សមាជិក​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ដោយ​សារ​មាន​ការ​បារម្ភ​ពី​ឥទ្ធិពល​អវិជ្ជមាន​ពី​ការ​កំណត់​ថ្មី​នេះ​។ នេះ​បើ​តាម​លោក​ប៊ុន មុនី ទីប្រឹក្សា CMA​។

    លោក ប៊ុន មុនី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ វិថី ភីអិលស៊ី ដែល​ទើប​បង្កើត​ថ្មី បាន​ឲ្យ​ដឹង​ដា ការ​កំណត់​ថ្មី​នេះ​ហាក់​មិន​បាន​យល់​ពី​ផលវិបាក​របស់​ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ដែល​ធ្វើការ​ជាមួយ​ប្រជាជន​ក្រីក្រ ដែល​ត្រូវ​ប្រឈម​នឹង​ថ្លៃ​ប្រតិបត្តិការ​ខ្ពស់ និង​ហានិភ័យ​ខ្ពស់​។

    លោក​បន្តថា ការផ្តល់​កម្ចី​ខ្នាតតូច​ដែលមាន​អត្រា​ការប្រាក់ ២,៥ ភាគរយ ទៅ ៣ ភាគរយ​ក្នុង​មួយ​ខែ​គឺជា​អត្រា​ការ​ប្រាក់​ដែល​មាន​អត្រា​ចំណេញ​តិចតួច​សម្រាប់​ស្ថាន ភាព​ទីផ្សារ​នៅ​កម្ពុជា​បច្ចុប្បន្ន តែ​ប្រតិបត្តិ​ករ​ជាច្រើន​បាន​ពង្រីក​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​ក្នុង​បេសកកម្ម​សង្គម​ដើម្បី​អាច​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដល់​ប្រជាជន​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

    លោក​បន្តថា​៖ «​មានការ​លំបាក​ច្រើន​ដល់​គ្រឹះស្ថាន ពីព្រោះ​គ្រឹះស្ថាន​ភាគច្រើន​អត់​ទាន់​មាន​ប្រាក់​ចំណេញ​អី​ច្រើន​ទេ​»​។

    លោក​បន្តថា ការ​បន្ទាប​ការប្រាក់​គឺជា​ការល្អ​សម្រាប់​អតិថិជន តែ​ការដែល​ប្រតិបត្តិ​ការដែល​មិនអាច​ចំណេញ​បាន​និង​ប៉ះពាល់​ដល់​និរន្តរភាព​អាជីវកម្ម​។

    លោក​ថ្លែងថា​៖ អ្នក​វិនិយោគ តែ​កាល​ណា​គេ​អត់​មាន​ប្រាក់​ចំណេញ គេ​ឈប់​វិនិយោគ​ចូល​ស្រុក​យើង​ហើយ​។ អ៊ីចឹង​យើង​មាន​តា​ឈ្មោះថា​មាន​ការ​ផ្តល់​ឥណ ទាន​មាន​តម្លៃ​ថោក ប៉ុន្តែ​ជាក់ស្តែង​យើង​អត់​មានការ​ផ្តល់​ឥណទាន​»​។

    លោក​បន្ត​ថា លោក​ពិត​ជា​មាន​ការ​សោក​ស្តាយ ប្រសិន​បើ​ការ​ធ្វើ​អន្តរាគមន៍​នេះ អាច​ប៉ះពាល់​ដល់​សមិទ្ធផល​ដែល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​សម្រេច​បាន​នៅ​ជាង ២០ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​វិស័យ​នេះ​បាន​វិវត្ត​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​ច្រើន​ឡើងៗ​បាន​ទទួល​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មានគុណ​ភាព​។

    យោង​តាម​របាយការណ៍​របស់ ធនាគារ​ជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៦៣ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ ១៧០​។

    នៅ​ដំណាច់​ឆ្នាំ​២០១៦ ទំហំ​កម្ចី​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ដល់​៣​ពាន់​លាន​ដុល្លារ មាន​អ្នក​ខ្ចី​១,៩ លាន​អតិថិជន​។ តាម​រយៈ​ទិន្នន័យ អតិថិជន​ម្នាក់​បានទទួល​កម្ចី​ពី​មីក្រូហិរញ្ញវត្ថុ​ក្នុង​ទំហំ​កម្ចី​ប្រហែល ១ ៥០០ ដុល្លារ​។

    លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ការតម្រូវ​ឲ្យ​មានការ​ទម្លាក់​អត្រា​ការ​ប្រាក់​កម្ចី​ក្រោយ​១៨ ភាគរយ​មាន​គម្លាត​ធំ​ពី​តម្លៃ​បច្ចុប្បន្ន ខណៈ​ការអនុវត្ត​ជាក់ស្តែង​នាពេលនេះ កម្ចី​ចន្លោះ​ពី ១ ០០០​ដុល្លារ ទៅ ១ ៥០០ ដុល្លារ​មាន​អត្រា​ការប្រាក់​ចន្លោះ​ពី ២៥ ទៅ ៣០ ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

    លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ ក្រុម​ហ៊ុន EMC ឲ្យ​ដឹង​ថា គ្រឹះស្ថាន ​MFI ដែល​ធ្វើ​ការ​ផ្តល់​កម្ចី​ខ្នាត​តូច​ត្រូវ​ការ​អត្រា​ការ​ប្រាក់​សមរម្យ ដោយ​សារ​គ្រឹះស្ថាន​ទាំង​នោះ​ត្រូវ​ទូទាត់​កម្ចី​ទៅ​ប្រភព​ទុន​ពី​ក្រៅ​ប្រទេស​ដែល​មាន​អត្រា​ការប្រាក់​ពី ៨ ទៅ ៩ ភាគរយ​ក្នុង​មួយ​ឆ្នាំ និង​ត្រូវ​ទូទាត់​ចំណាយ​តម្លៃ​ប្រតិបត្តិការ​ខ្ពស់​ដូច​សារ​ផ្តល់​កម្ចី​ក្នុង​ទំហំ​តូច និង​ទៅ​ដល់​ក្នុងភូមិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ក៏ត្រូវ​ប្រឈម​នឹង​អត្រា​ហានិភ័យ​ខ្ពស់​ផង​ដែរ ដោយ​អតិថិជន MFI ជា​ប្រជាជន​ក្រីក្រ និង​មាន​ហានិភ័យ​ខ្ពស់​។

    លោក​ពន្យល់​ថា ការ​កំណត់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យក​ការ​ប្រាក់​ខ្ពស់​បំផុត​ត្រឹម​១,៥ ភាគរយ​ក្នុង​១​ខែ នឹង​បង្ក​ផល​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​។

    លោក​ថ្លែងថា​៖«​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ធំ​អាច​ឈាន​ដល់​បិទ​ទ្វារ ហើយ​អតិថិជន​ក៏​ជា​អ្នក​រងគ្រោះ​មុន​ផង​ដែរ​។ គាត់​អាច​នឹង​ទៅ​យក​កម្ចី​ពី​ឈ្មួញ​ចង​ការ ដែល​មាន​ការ​ប្រាក់​ខ្ពស់​ដែល​នឹង​ប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ​ទាំង​នោះ​ដែរ​»៕
    (all readers's comments can help improve the information, as well as better social)