More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • គណបក្សប្រឆាំង​ថា​នឹង​ដឹកនាំ​ប្រទេស​តាមបែប​ទំនើប​ក្រោយ​ឈ្នះឆ្នោត​ឆ្នាំ​២០១៨
    Posted Tuesday, March 14, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Political | Read 2036


    មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់ថា មិន​ចាប់អារម្មណ៍​សោះឡើយ​ចំពោះ​សារ​នយោបាយ​របស់​គណ​បក្សប្រឆាំង ដែល​លើកឡើង​ពី​ការដឹកនាំ​ដ៏​អស្ចារ្យ​ជាងគេ​។ ជំហរ​របស់​បក្ស​កាន់អំណាច​នៅពេលនេះ ធ្វើឡើង​ស្របពេល​ដែល​ប្រធាន​គណបក្សប្រឆាំង​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ក្រោយ​ការ​ឈ្នះឆ្នោត ឆ្នាំ​២០១៨ ខាងមុខ បក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ តម្លាភាព និង​យុត្តិធម៌​សង្គម​ដ៏​ពិតប្រាកដ​។​

    ​ការ​ប្រេះឆា​ខាង​នយោបាយ​នេះ ត្រូវបាន​អ្នកឃ្លាំមើល​ពី​ការវិវត្តន៍​ព្រឹត្តិការណ៍​សង្គម​កម្ពុជា យល់ឃើញថា រឿង​ចាស់ទុំ​ផ្នែក​នយោបាយ​នេះ គឺ​កម្ពុជា​នៅតែ​ក្មេងខ្ចី និង​ទន់ជ្រាយ​នៅឡើយ បើទោះជា​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយ​នេះ​ធ្លាប់​ឆ្លងកាត់​ការបោះឆ្នោត​ជាច្រើន​អាណត្តិ និង​ប្រកាន់យក​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អស់​ពេល​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​ក៏ដោយចុះ​។​

    ​លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា យល់ឃើញថា ល្មម​ដល់​ពេលដែល​កម្ពុជា ត្រូវ​សើរើ​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្របគ្រង​រដ្ឋបាល​សាធារណៈហើយ​។ លោក​បន្តថា ការផ្ដល់​ឯកសារ​នានា ដោយ​រួមទាំង​ការបញ្ជាក់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ជាដើម​ចេញពី​ថ្នាក់មូលដ្ឋាន នោះ​គឺជា​ការផ្ដល់​ភាពស្មុគស្មាញ និង​ធ្វើ​ឲ្យ​ជនបរទេស​អាចមាន​សិទ្ធិ និង​ធ្វើ​សេចក្ដីសម្រេច​នានា ដូច​ម្ចាស់​ប្រទេស​ដែរ​៖ «​ដើមចម​នៃ​ការផ្ដល់សេវា​ទាំងអស់នេះ ដោយ​ភាពមិនប្រក្រតី​ហ្នឹងហើយ បាន​នាំ​ឲ្យ​ការអនុវត្ត​ច្បាប់​សំខាន់ៗ ដូចជា​ច្បាប់​ស្ដីពី​សញ្ជាតិ​ហ្នឹង​មាន​បញ្ហា និង​ច្បាប់​ភូមិបាល​។ ហេតុ​អី​បានជា​ខ្ញុំ​ថា​អ៊ីចឹង​? ពីព្រោះថា នៅពេលដែល​ជនបរទេស​ម្នាក់​អាច​មានឱកាស​ទទួលបាន​នូវ​សេវា​អត្រានុកូលដ្ឋាន​ដូចជា​សំបុត្រ​បញ្ជាក់​កំណើត​ជាដើម គឺ​គេ​អាច​យក​ឯកសារ​ហ្នឹង​យកទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ហើយ​ការទិញ​អចលនទ្រព្យ​គឺ​ក្រុមហ៊ុន​ដែល​លក់​អចលនទ្រព្យ​គឺ​គេ​ឲ្យ​តែ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គឺ​គេ​លក់​ឲ្យ​ហើយ គឺ​គេ​អត់​គិតគូរ​អី​វែងឆ្ងាយ​ទេ​»​។​

    ​ការរិះគន់​របស់លោក សន ជ័យ នៅពេលនេះ ស្របពេល​ប្រធាន​គណបក្សប្រឆាំង​លើកឡើងថា ក្រោយ​ឈ្នះឆ្នោត​ឆ្នាំ​២០១៨ បក្ស​សង្គ្រោះ​ជាតិ នឹង​ដឹកនាំ​ប្រទេស​តាមបែប​ទំនើប​ខុសពី​សព្វថ្ងៃនេះ​។ គណបក្ស​នឹងដាក់​ចេញ​ផែនការ​ដ៏​ត្រឹមត្រូវ​មួយ​ទៅលើ​សេវាសាធារណៈ បំបាត់​អំពើពុករលួយ គាំពារ​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន និង​អនុវត្ត​របប​ប្រជាធិបតេយ្យ ជាពិសេស​ផ្ដល់​សិទ្ធិ​ស្មើៗ​គ្នា​ចំពោះមុខ​ច្បាប់​។ ក្រៅពីនេះ បក្សប្រឆាំង​នឹងដាក់​ពិន័យ​ចំពោះ​មេឃុំ ឬ​ចៅសង្កាត់​ណា​ដែល​ផ្ដល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដល់​ជនបរទេស​ដោយ​ខុសច្បាប់​ថែមទៀត​ផង​។​

    ​ថ្លែង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា នៅ​ទីស្នាក់ការ​ចាក់អង្រែលើ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ប្រធាន​បក្ស​ថ្មី​លោក កឹម សុខា មាន​សុទិដ្ឋិនិយម​ថា បក្សប្រឆាំង​ពិតជា​ធ្វើបាន​ចំពោះ​ចក្ខុវិស័យ​នៃ​គោលនយោបាយ​នេះ​។ លោក​បន្តថា ការអនុវត្ត​វា​ពុំមែន​ជា​ឧបសគ្គ​អ្វី​ឡើយ ហើយ​គោលនយោបាយ​នេះ​នឹង​បម្រើ​ឲ្យ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ទទួលបាន​ការពេញចិត្ត​៖ «​ថ្នាក់លើ​បញ្ជា​មក​យ៉ាងណាក៏ដោយ គាត់​ព្រមព្រៀង​ខាងលើ​ក៏ដោយ ប៉ុន្តែ​បើ​ប៉ះពាល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ប្រយោជន៍​ជាតិ ខ្ញុំ​ជា​ចៅសង្កាត់​សង្គ្រោះ​ជាតិ​មិន​ចុះហត្ថលេខា​ជាដាច់ខាត​»​។​

    ​បើទោះជា​បែបណា លោក កឹម សុខា នៅតែ​ប្រកាន់​ជំហរ​ថា នឹង​ផ្ដល់​លុយ ៤​ម៉ឺន​រៀល​សម្រាប់​មនុស្ស​ចាស់ ឬ​ចំនួន​អាច​ប្រែប្រួល​ច្រើនជាង​នេះ ក្រោយពេល​បក្សប្រឆាំង​ឡើង​ដឹកនាំ​ប្រទេស​។ ជាថ្មី​ម្ដងទៀត ប្រធាន​គណបក្សប្រឆាំង​រូបនេះ​អះអាងថា មិនតែប៉ុណ្ណោះ បក្សប្រឆាំង​នឹង​នៅតែ​រក្សា​គោលនយោបាយ​ទម្លាក់​លុយ​ចំនួន​កន្លះ​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​នៅតាម​ឃុំ​-​សង្កាត់​នីមួយៗ​ជា​រៀងរាល់ឆ្នាំ​។​

    ​ជុំវិញ​កំណែទម្រង់​គោលនយោបាយ​នេះ សព្វថ្ងៃ​រដ្ឋាភិបាល​បាន​ព្យាយាម​ដំឡើង​ប្រាក់បៀវត្ស​ដល់​មន្ត្រីរាជការ​ស៊ីវិល គ្រូបង្រៀន និង​កងកម្លាំងប្រដាប់អាវុធ​។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​បានធ្វើ​ប្រតិភូកម្ម​អំណាច គឺ​តាមរយៈ​កំណែទម្រង់​វិមជ្ឈការ​នៅ​ថ្នាក់មូលដ្ឋាន​ថែម​ទៀង​ផង​។ ដោយឡែក ការយក​តម្លៃ​ទៅលើ​សេវាសាធារណៈ​មួយចំនួន ត្រូវបាន​រដ្ឋាភិបាល​លុបចោល​ហើយ រួមមាន​ការផ្ដល់​សំបុត្រកំណើត សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជាដើម​។​

    ​ទាក់ទិន​រឿងនេះ អ្នក​នាំ​គណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា គោលនយោបាយ​នេះ នឹងមិន​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច​ត្រូវ​រង្គោះរង្គើ និង​ចាប់អារម្មណ៍​នោះឡើយ​។ ផ្ទុយទៅវិញ គោលនយោបាយ​ទាំងនេះ បក្ស​កាន់អំណាច​បាន​អនុវត្ត​ច្រើន​អាណត្តិ​ណាស់​ហើយ និង​បន្តធ្វើ​កំណែទម្រង់​ឲ្យ​មាន​ភាពល្អ​ជាង​នេះ​បន្ថែមទៀត​ដែរ​៖ «​គណបក្ស​ប្រជាជន​គឺ​ដាក់​ក្នុង​គោលនយោបាយ​ហើយ បាន​អនុវត្ត​រួចទៅហើយ​។ កាលពី​កន្លះ​ឆ្នាំ​មុននេះ គឺ​មិន​យក​កម្រៃ​សេវាសាធារណៈ ហើយ​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​។ ប្រសិទ្ធភាព​នេះហើយ​ដែល​វា​បញ្ជាក់ថា យើង​ធ្វើ​ឆាប់ ធ្វើ​ល្អ ធ្វើ​ត្រឹមត្រូវ ហើយ​មានគុណ​ភាព​បាទ​!»​។​

    ​អ្នកឃ្លាំមើល​ពី​ការវិវត្តន៍​នៃ​ព្រឹត្តិការណ៍​នយោបាយ​យល់ឃើញថា ប្រសិនបើ​គណបក្ស​នីមួយៗ ជ្រើសរើស​ការប្រកួតប្រជែង​តាមរយៈ​កម្មវិធី​នយោបាយ​ជាជាង​គំរាមកំហែង សម្លុត​បាញ់សម្លាប់ ឬ​សូកប៉ាន់​ជាដើម នោះ​គឺជា​ជម្រើស​ដ៏​ប្រសើរ​៕
    (all readers's comments can help improve the information, as well as better social)