More Reading:

  • threat

  • throat

  • tight

  • till

  • tomorrow

  • tough

  • track

  • trap

  • treasury

  • tremble

  • បណ្ដាញ​សង្គម និង​បក្សប្រឆាំង រិះគន់​ការចំណាយ​ថវិកាជាតិ ជាង ៧​សែន​ដុល្លារ សម្រាប់​រៀបចំ​បុណ្យសព​លោក សុខ អាន
    Posted Thursday, March 16, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 5901


    ​បន្ទាប់ពី​មរណភាព​លោក សុខ អាន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បក្សប្រឆាំង និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វែ​ស​ប៊ុ​ក​ជាច្រើន បានបង្ហាញ​ប្រតិកម្ម​ខ្វែងយោបល់គ្នា ជុំវិញ​ទំហំ​ថវិកា ដែល រាជរដ្ឋាភិបាល គ្រោង​ចំណាយ​ប្រមាណ ៣០០០.០០០.០០០ រៀល (​បី​ប៊ី​លាន​រៀល​គត់​) ឬ​ស្មើនឹង ៧៥០០០០ ដុល្លារ​អាមេរិក ដើម្បី​រៀបចំ​ពិធី​បុណ្យសព​ជូន លោក សុខ អាន​។ សម្រាប់​មន្ត្រី​បក្សប្រឆាំង ការចំណាយ​ថវិកាជាតិ​សម្រាប់​រៀបចំ​បុណ្យសព​នេះ ហាក់​ធំធេង​ពេក បើ​ធៀប​នឹង​ស្ថានភាព​កម្ពុជា​ក្រីក្រ​ដើរ​ខ្ចី​បំណុល​បរទេស តែ​សម្រាប់​រាជរដ្ឋាភិបាល ត្រឹម​តួលេខ​ថវិកា មិនអាច​ទូទាត់​ជាមួយនឹង​សមិទ្ធិផល​ការងារ​របស់ លោក សុខ អាន រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ជាតិ​កម្ពុជា ឡើយ ហើយ​ការចំណាយ​រៀបចំ​ពិធី​បុណ្យសព​តាម​ទំនៀម​ទំលាប់​ប្រពៃណី​នេះ គឺ​ស័ក្តិសម​នឹង​គោរមងា ជា «​សម្តេច​» ។​

    ​ប្រតិ​កម្មនេះ ផ្តើម​ពី​ការផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​លិខិត​រដ្ឋបាល​មួយ  របស់ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ មីនា ដែល​បាន​ស្នើសុំ​ថវិកា ពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន ៣០០០.០០០.០០០ រៀល (​បី​ប៊ី​លាន​រៀល​) ឬ ៧៥០០០០ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ចំណាយ​រៀបចំ​បុណ្យសព «​សម្តេច​វិបុល​បញ្ញា សុខ អាន​» អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
     
    ​នៅ​ថ្ងៃ​ដដែល រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​គណៈកម្មកា​រ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យសព មួយ ដោយមាន លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ធ្វើជា​ប្រធាន​។ ភារកិច្ច​សំខាន់ របស់ គណៈកម្មការ មាន​ជាអាទិ៍ រៀបចំ​ផ្សព្វផ្សាយ​កម្មវិធី​បុណ្យ លិខិត​ពិធីការ កន្លែង​គោរព​វិញ្ញាណក្ខន្ធ​នៅ​គេហដ្ឋាន​សព ក្រុម​បដិសណ្ឋារកិច្ច​នៃ​អង្គភាព​ត្រៃ​ទ័ព ពិធី​សាសនា ពិធី​ដង្ហែ​សព រៀបចំ​មេរុ និង​វេទិកា​ឈាន​ប​ដ្ឋា​ន ជាដើម​។​
     
    ​ក្រៅពី មានប្រតិកម្ម​គាំទ្រ និង​ជំទាស់ ខ្វែងយោបល់គ្នា រវាង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បក្សប្រឆាំង និង​រាជរដ្ឋាភិបាល​កម្ពុជា ក៏​មិន​យល់ស្រប​គ្នា​ចំពោះ​ទំហំ​ចំណាយ​រៀបចំ​បុណ្យសព​លោក សុខ អាន ជាង ៧​សែន​ដុល្លារ​អាមេរិក​នេះដែរ​។​
     
    ​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង យល់ថា ក្នុងស្ថានភាព​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ក្រខ្សត់ ប្រទេសជាតិ​ដើរ​ខ្ចីលុយ​បរទេស ការចំណាយ​រៀបចំ​បុណ្យសព​នេះ ហាក់ដូចជា ធំធេង​ពេក​។ ធំធេង បើ​ធៀប​នឹង តំណែង​អ្នកតំណាងរាស្ត្រ នៅពេល​ទទួលមរណភាព នោះ រដ្ឋ​មាន​បន្ទុក​ចំណាយ​រៀបចំ​បុណ្យសព ត្រឹម មួយ​ម៉ឺន​ដុល្លារ ប៉ុណ្ណោះ​។ ក្នុង​កាលៈទេសៈ​នេះ លោក អេង ឆៃអ៊ាង ផ្តល់យោបល់​ថា រដ្ឋ​មិនគួរ​ខ្ជះខ្ជាយ​ថវិកាជាតិ​ច្រើនពេក​ទេ ប៉ុន្តែ​បើ​ចង់​ចំណាយ​ច្រើន គួរតែ​ជាការ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​វិញ​។​
     
    ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​ប្រតិកម្ម​តប​ថា តួលេខ​ចំណាយ​នេះ មិនអាច​គណនា​ទូទាត់​នឹង​សមិទ្ធិផល ដែល​លោក សុខ អាន បា​នប​ន្យ​ល់​ទុក​សម្រាប់ ប្រទេស​កម្ពុជា​ឡើយ​។ លោក សុខ អាន មានគុណ​វ​ឌ្ឍិ​សំខាន់ៗ​ជាច្រើន រាប់​ចាប់ពី ការចូលរួម​បង្កើត គណៈកម្មាធិការ​កសាង​សន្តិភាព នា​ទសវត្ស​ទី​៨០ ការចចារ​ជាមួយ​អន្តរជាតិ​ក្នុង​ការរៀបចំ​សាលាក្តី​ខ្មែរក្រហម ការអភិរក្ស និង​អភិវឌ្ឍ​អង្គរ ព្រមទាំង​ការដាក់​ប្រាសាទព្រះវិហារ ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ជាដើម​។ លោក ផៃ ស៊ី​ផាន បន្ថែមថា តួលេខ​នេះ មិន​ខ្ជះខ្ជាយ​ពេក​ទេ ព្រោះ​រួមបញ្ចូល​ការចំណាយ​ថ្លៃ​យន្តហោះ​ដឹក​សព មាតុភូមិនិវត្តន៍​ពី​ប្រទេស​ចិន មក​កម្ពុជា​វិញ និង​ការរៀបចំ​ពិធី ឲ្យ​បាន​សមរម្យ តាម​ទំនៀមទម្លាប់​ប្រពៃណី ស័ក្តិសម​នឹង​កិត្តិយស​របស់​សព​។​
     
    ​លោក ផៃ ស៊ី​ផាន បញ្ជាក់ថា ការប្រកាស​ខ្ទង់ចំណាយ​នេះ គឺជា​ចេតនា​បង្ហាញ​តម្លាភាព របស់ គណៈរដ្ឋមន្ត្រី  ហើយក៏​ជា​កម្រិតស្តង់ដា​មួយ ដែល រាជរដ្ឋាភិបាល​ធ្លាប់​ចំណាយ​រៀបចំ​បុណ្យសព​កន្លងមក សម្រាប់ គោរមងារ ជា «​សម្តេច​»​។​
     
    ​គួររំលឹកថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​គោរមងារ ឯកឧត្តម សុខ អាន ជា «​សម្តេច​វិបុល​បញ្ញា សុខ អាន​» នៅ​ថ្ងៃទី​១៣ មីនា ។ ពោលគឺ ត្រឹមតែ ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល រាជរដ្ឋាភិបាល​កម្ពុជា ប្រកាសជូន​ដំណឹង​ជា​សាធារណៈ ថា លោក សុខ អាន បានទទួល​មរណភាព នៅ​ថ្ងៃទី​១៥ មីនា វេលា​ម៉ោង ១៨:៣២​នាទី នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ សព​លោក សុខ អាន នឹងត្រូវ​រម្កិល​ចេញពី​ភូមិគ្រឹះ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ឆ្ពោះទៅកាន់ ទី​ឈាបនដ្ឋាន​មុខ​វត្ត​បទុម​វ​តី ដើម្បី​បូជា នៅ​ថ្ងៃអាទិត្យ ទី​១៩ មីនា ខាងមុខ​។ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៦ មីនា បានសម្រេច ប្រគល់​ភារកិច្ច បន្ថែម​ជូន​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រចាំការ ធ្វើជា រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជំនួស​លោក សុខ អាន ដែល​បានទទួល​មរណភាព​៕
    (all readers's comments can help improve the information, as well as better social)