Posted Thursday, March 23, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 903


​ភ្នំពេញៈ នៅ​ពេល​មាន​ការ​ចុះ​ផ្សាយ​ពី​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​ពិចារណា​ក្នុង​ការ​ដក​ទូ​ដក​ប្រាក់ ATM ពី​ទីសាធារណៈ​ក៏​មាន​ការ​ផ្ទុះ​ប្រតិកម្ម​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​បំណង​របស់​អាជ្ញាធរ​ក្រុង​នេះ​។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្តាញ​សារ​ព័ត៌មាន​ក្នុង​ស្រុក​សាលា​រាជធានី​ភ្នំពេញ​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក ប៉ា សុជាតិ​វង្ស ដែល​ជា​អភិបាល​ក្រុង មាន​បំណង​ដក​ទូ​ម៉ាស៊ីន ATM នៅ​តាម​ទីសាធារណៈ​ទាំង​អស់​បើ​មិន​មាន​ការ​ការពារ និង​អ្នក​ថែទាំ ដោយ​លើក​ឡើង​ថា​ដើម្បី​ធានា​សុវត្ថិភាព​ក្រោយ​មាន​ការ​ផ្ទុះ​ទូ​ATM របស់​ធនាគារ​កាណាឌីយ៉ា​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​នេះ​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​ចេញ​មក​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​នេះ ដោយ​អះអាងថា អភិបាល​ក្រុង​មិន​មាន​បំណង​លុប​បំបាត់​ចោល​ម៉ាស៊ីន​នេះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គ្រាន់​តែ​ផ្ដល់​យោបល់​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​លើ​សុវត្ថិភាព នៅ​ពេល​ដំឡើង​ម៉ាស៊ីន​ដក​ប្រាក់ ATM តាម​ទីសាធារណៈ ដូច​ជា​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ការ​ដំឡើង​ម៉ាស៊ីន​នៅ​តំបន់​មាន​សុវត្ថិភាព និង ធ្វើ​ឲ្យ​ប្រាកដ​ថា ម៉ាស៊ីន​ទាំង​នោះ​មាន​សន្ដិសុខ​យាម​នៅ​ក្បែរ​នោះ​។

លោក ម៉េត មាស​ភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា​៖ «​យើង​មិន​មាន​បទ​បញ្ជា​ណា​មួយ​ថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចាំបាច់​ត្រូវ​ដក​ម៉ាស៊ីន​ATM​របស់​ពួក​គេ​ពី​ទីកន្លែង​សាធារណៈ​នោះទេ​។ អ្វី​ដែល​លោក​អភិបាល​បាន​និយាយ​គឺថា គ្រាន់​តែ​ចង់​ឲ្យ​មាន​វិធាន​ការ​ជាក់​លាក់​ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដើម្បី​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង​ក្នុង​ការ​ការពារ​សុវត្ថិភាព​ប៉ុណ្ណោះ​»។

លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ ត្រូវ​បាន​គេ​រិះគន់​តាម​រយៈ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក បន្ទាប់ពី​លោក ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ដោយ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា លោក​កំពុង​ពិភាក្សា​ស្ដីពី​លទ្ធភាព​ក្នុង​ការ​លុប​បំបាត់​ចោល​ម៉ាស៊ីន ATM ពី​កន្លែង​សាធារណៈ​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​។

ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​ដែល​ប្រតិបត្តិការ​ម៉ាស៊ីន ATM បាន​ឲ្យ​ដឹង​ថា ការ​ដំឡើង​ម៉ាស៊ីន ATM ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​សិក្សា​ត្រឹម​ត្រូវ និង​ពិចារណា​លើ​កត្តា​ជាច្រើន​ជា​ពិសេស​បញ្ហា​សុវត្ថិភាព​។

លោក អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ករ​តែង​តែ​បង់​ថ្លៃ​សេវា​សម្រាប់​ការ​ដំឡើង​ម៉ាស៊ីន ATM នៅ​តាម​កន្លែង​សាធារណៈ ដូច្នេះ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​ជួយ​ការពារ​សុវត្ថិភាព​។

លោក​បន្ថែម​ថា ធនាគារ​អេស៊ីលីដា មាន​ម៉ាស៊ីន ATM ៣២៥​ គ្រឿង​នៅ ទូទាំង​ប្រទេស ដែល​មាន​ចំនួន​២៥​ភាគរយ​នៃ​ចំនួន​សរុប​របស់​ម៉ាស៊ីន ATM នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​គួរ​ស្វែងរក​មធ្យោបាយ​កាន់តែ​ប្រសើរ​ដើម្បី​រក្សា​សុវត្ថិភាព​ជាជាង​ការ​លុប​បំបាត់​ចោល​ម៉ាស៊ីន ATM​។ ម៉ាស៊ីន ATM មាន​ប្រយោជន៍​ខ្លាំងណាស់ ហើយ​ម៉ាស៊ីន​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ដ៏​ពេញ​និយម ដោយ​ប្រទេស​ជាច្រើន ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ជួយ​គ្នា​ទៅវិញ​ទៅមក​ធ្វើ​ឲ្យ​វា​អភិវឌ្ឍ​កាន់​តែ​លឿន​»​។

លោក គា បូរាណ អគ្គនាយក​មីក្រូ​ហិរញ្ញវត្ថុ អេ​អឹម​ខេ ដែល​ប្រតិបត្តិការ​ម៉ាស៊ីន ATM ៦៨ គ្រឿង​ទូទាំង​ប្រទេស បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប្រតិបត្តិ​ករ​ហិរញ្ញវត្ថុ​តែង​តែ​ថែរក្សា​យ៉ាង​ល្អ​លើ​សុវត្ថិភាព និង​ពិចារណា​លើ​ការ​ដាក់​ម៉ាស៊ីន ATM នៅ​ក្នុង​តំបន់​មាន​សុវត្ថិភាព​។

លោក​បាន​បន្ថែម​ថា ក្នុង​ចំណោម​ម៉ាស៊ីន ATM សរុប​របស់ អេ​អឹម​ខេ មាន​តែ​៥ ឬ ៦ ប៉ុណ្ណោះ​មាន​ទីតាំង​ឆ្ងាយ​ពី​សាខា​របស់​ខ្លួន ហើយ​ម៉ាស៊ីន ATM តែង​តែ​ដំឡើង​នៅ​ជិត​ហាង​លក់​ទំនិញ​ឯកជន​ដែល​ប្រជាជន​ដើរ​ឆ្លង​កាត់​គ្រប់​ពេល​។

លោក​ថ្លែង​ថា​៖ «​វា​មិន​ត្រឹមត្រូវ​នោះ​ទេ ប្រសិន​បើ​យើង​ចាំបាច់​ត្រូវមាន​បុគ្គលិក​នៅ​ក្បែរ​ម៉ាស៊ីន ATM គ្រប់​ពេល​ដើម្បី​ប្រតិបត្តិការ​ម៉ាស៊ីន ATM នោះ​»​។

លោក​បាន​បន្ត​ថា​៖ «​វា​កាន់​តែ​ប្រសើរ​ដែល​អាជ្ញាធរ​គួរ​តែ​ពង្រឹង​សុវត្ថិភាព​នៅ​កន្លែង​ម៉ាស៊ីន​ATM ដោយ​សារ​វា​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​»​។

យោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា របាយការណ៍​ប្រចាំ​ឆ្នាំ ​២០១៥ កម្ពុ​ជាមាន​ម៉ាស៊ីន ATM សរុប ១ ១១៨ គ្រឿង​កំពុង​ដំឡើង​នៅ​ទូទាំង​ប្រទេស​ត្រឹម​ចុងឆ្នាំ​ ២០១៥៕
(all readers's comments can help improve the information, as well as better social)