Posted Thursday, March 23, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1470


ភ្នំពេញ​៖ អ្នកបើកបរ​យានយន្ត​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​បើកបរ​បញ្ចៀស​ទិស​ចរាច​រណ៍ ឬ​បើកបរ​ជាន់​គំនូស​បង្ហូត​កណ្តាល​ទ្រូងផ្លូវ​នឹងរង​ការពិន័យ​ប្រាក់​ពី​ចំនួន ២​ម៉ឺន​៥​ពាន់​រៀល ដល់ ១​សែន​រៀល​។ នេះ​បើតាម​មាត្រា​៨ នៃ​អនុក្រឹត្យ​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។​

​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី រដ្ឋាភិបាល​បានកំណត់​ពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ទឹកប្រាក់​ចំនួន ២៥០០០ (​ពីរម៉ឺន​ប្រាំ​ពាន់​)​រៀល​, អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន ៥០០០០ (​ប្រាំ​ម៉ឺន​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន ១០០ ០០០ (​មួយ​សែន​) រៀល​។​

​ក្រៅពី​ការបើកបរ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​មួយ​ខាងលើ អ្នកបើកបរ​នឹងរង​ការពិន័យ​ចំនួន​ទឹកប្រាក់​ដូចគ្នា ប្រសិនបើ​ពួកគេ​បើកបរ​យានយន្ត​ល្មើស​ក្នុងករណី​ដូចជា ក​, អ្នកបើកបរ​យានយន្ត​បើកបរ​ដោយ​ពុំមាន​លិខិតអនុញ្ញាត​អាជីវកម្ម ឬ​ប្រើ​លិខិត​ធ្វើ​អាជីវកម្ម​ហួស​សុពលភាព​។ ខ​, អ្នកបើកបរ​យានយន្ត​មិន​គោរព​តាម​លក្ខខណ្ឌ​សុខភាព​ដែល​តម្រូវ​ឲ្យ​ពាក់​វ៉ែនតា​។ គ​, អ្នកបើកបរ​យានយន្ត​ខុស​ទិស​ដែល​តម្រូវ​ឲ្យ​ធ្វើ​ចរាចរណ៍ ឬ​បើកបរ​ជាន់​គំនូស​បង្ហូត​កណ្តាល​ទ្រូងផ្លូវ​។ ឃ​, អ្នកបើកបរ​យានយន្ត​ហួស​ល្បឿន​កំណត់​ចាប់ពី ៣០ ទៅ​៣៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ង​, អ្នកបើកបរ​យានយន្ត​ល្មើស​នឹង​ការជៀស ការបត់ និង​ការ​ជែង​។​

​អនុក្រឹត្យ​បន្តទៀតថា ច​, អ្នកបើកបរ​យានយន្ត​ល្មើស​នឹង​សិទ្ធិ​អាទិភាព​នៅ​ផ្លូវ​ប្រសព្វ​។ ឆ​, អ្នកបើកបរ​យានយន្ត​ល្មើស​នឹង​ការប្រើ ប្រាស់​ភ្លើង​បំភ្លឺ ឬ​កែច្នៃ​ភ្លើង​បំភ្លឺ ឬ​ភ្លើង​សញ្ញា​នៃ​យាន​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​បច្ចេកទេស​ជាតិ​។ ជ​, អ្នកបើកបរ​យានយន្ត​ដែល​មិនមាន ឬ​មិន​ដំណើរការ​ភ្លើង​បំភ្លឺ ឬ​ភ្លើង​សញ្ញា​នៃ​យាន​។ ឈ​, អ្នកបើកបរ​យានយន្ត​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម ឬ​ក្រហម​ភ្លឹបភ្លែតៗ ។ ញ​, អ្នកបើកបរ​យានយន្ត​មិន​គោរព​ផ្លាកសញ្ញា​ហាមឃាត់ ឬ​ផ្លាកសញ្ញា​បញ្ជា ឬ​ផ្លាកសញ្ញា​សិទ្ធិ​អាទិភាព ឬ​គំនូស​សម្រាប់​ថ្មើរជើង​ឆ្លងកាត់​។ ដ​, អ្នកបើកបរ​យានយន្ត​ប្រព្រឹត្ត​មិន​រាងចាល​នូវ​អំពើ​ល្មើស​ស្តីពី ការឈប់ ឬ​ចត​។ ឋ​, អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​សំបក​កង់​សឹក​លើស​កម្រិត​កំណត់ ឬ​រហែក ឬ​ប្រេះ ឬ​ប៉ោង​។ ឌ​, អ្នកបើកបរ​យានយន្ត​មិន​គោរព​សញ្ញា​បញ្ហា​ចរាចរណ៍​របស់​ភ្នាក់ងារនគរបាល​ចរាច​រណ៍​។ ឍ​, អ្នកបើកបរ​យានយន្ត​ផ្ទុកទំនិញ​ល្មើ​សនឹង​ចំណុច​ទី​១ ទី​២ ទី​៣ ទី​៤ ទី​៥ ក្នុង​មាត្រា​៥៦ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក និង​ចំណុច​ចុងក្រោយ គឺ អ្នកបើកបរ​រថយន្ត​ធុន ធ្ងន់​ដែល​គ្មាន​រនាំង​សុវត្ថិភាព ឬ​មាន​រនាំង​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​បណ្តោយ​តួ​រថយន្ត​ខាងក្រោម ឬ​គ្មាន គន្លឹះ​សុវត្ថិភាព​សម្រាប់​ភ្ជាប់​កុងតឺន័រ ឬ​គន្លឹះ​សុវត្ថិភាព​សម្រាប់​ភ្ជាប់​កុងតឺន័រ​មិន​ដំណើរការ​។​

​តាម​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​២១ មីនា​នេះ ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​របស់​អនីតិជន​ដែលមាន​អាយុ ក្រោម ១៥​ឆ្នាំ​ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​អនុក្រឹត្យ​។ អនុក្រឹត្យ​ដដែល បាន​បញ្ជាក់ថា បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ពេល​អនុវត្ត​ច្បាប់ មាន​សិទ្ធិ​ប្តឹងតវ៉ា​រយៈពេល ៣០​ថ្ងៃ​យ៉ាងយូ គិតពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​អន្តរការណ៍ ទៅ​ប្រធាន​អង្គភាព​ដែល​គ្រប់គ្រង​មន្ត្រី​អនុវត្ត​នោះ​ផ្ទាល់​នៅ​ទូទាំងប្រទេស​៕
(all readers's comments can help improve the information, as well as better social)