Posted Thursday, March 23, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1181


ភ្នំពេញ​៖ ដើម្បី​ជួយ​លើកកម្ពស់​ដល់​ជីវភាព និង​ការរស់នៅ​របស់​មន្ត្រីរាជកា​រ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បា​នរក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង ក្នុង​ការដំឡើងប្រាក់បៀវត្សរ៍ ជូន​ដល់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ពិសេស​លោកគ្រូ អ្នកគ្រូ ដែលមាន​ចំនួន​រហូតដល់​ជាង​១០​ម៉ឺន​នាក់​។​

​ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧ ពោលគឺ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​មកដល់ ដើម្បី​ចែករំលែក​ភាព​រីករាយ ជូន​ដល់​មន្ត្រីរាជការ គ្រូបង្រៀន និង​កម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល​បានសម្រេច​ដំឡើង​ប្រាក់​បំណាច់​មុខងារ បន្ថែម​លើ​ប្រាក់បៀវត្ស​រ៍គោល​។​

​ចំពោះ​គ្រូបង្រៀន​បន្ទាប់ពី​បន្ថែម​ប្រាក់​បំណាច់​មុខងារ លើ​ប្រាក់បៀវត្ស​រ៍គោល ធ្វើ​ឲ្យ​គ្រូបង្រៀន​កម្រិត​ទាប​បំផុត មាន​ប្រាក់ខែ​៩៥៣,៥០០​រៀល និង​ខ្ពស់បំផុត​ចំនួន​២,២៦៥,០០០​រៀល ដោយ​ប្រាក់ខែ​នេះ​មិនទាន់​បូក បញ្ចូល​ប្រាក់​វិភាជន៍​គ្រួសារ (​ប្រសិន​បើក​គ្រូបង្រៀន​មាន​ប្រពន្ធ និង​កូន​) និង​ប្រាក់​តំបន់​សម្រាប់​វិស័យ​អប់រំ នៅឡើយ​នោះទេ​។ ប្រសិនបើ​បូក​បញ្ចូល​ប្រាក់​ទាំង​២​មុខ​នេះ​ទៀត ច្បាស់​ណាស់​គ្រូបង្រៀន នឹង​អាច​ឡើង​ប្រាក់ខែ ដល់​១​លាន​រៀល​ហើយ​។   

​លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​មុខងារសាធារណៈ បាន​ថ្លែងប្រាប់​អង្គភាព Fresh News ឲ្យ​ដឹងថា ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ តទៅ​ប្រាក់ខែ​គ្រូបង្រៀន នឹងត្រូវ​ឡើង​ដូចខាងក្រោម​៖

​បៀវត្ស​ខ្ពស់បំផុត សម្រាប​អប់រំ​ក្នុង​មុខតំណែង​៖

* នាយក​វិទ្យាស្ថាន​ជាតិ ទទួលបាន ២,២៦៥,០០០​រៀល​។​
* គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម បង្រៀន​នៅ​មហាវិទ្យាល័យ​ទទួលបាន ១,៥៩៥,០០០​រៀល​។​
* គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម​បង្រៀន​នៅ​វិទ្យាល័យ​ទទួលបាន ១,៥១៥,០០០​រៀល​។​
* នាយក​វិទ្យាល័យ ទទួលបាន ១,៧០៥,០០០​រៀល​។​
* គ្រូបង្រៀន​កម្រិត​មូលដ្ឋាន បង្រៀន​នៅ​អនុវិទ្យាល័យ ទទួលបាន ១,៣៥៣,០០០​រៀល​។​
* នាយក​អនុវិទ្យាល័យ​ទទួលបាន ១,៥១៣,០០០​រៀល​។​
* គ្រូបង្រៀន​កម្រិត​បឋម​បង្រៀន នៅ​បឋមសិក្សា និង​ម​ត្តេ​យ្យ​សិក្សា ទទួលបាន ១,១៩១,០០០​រៀល​។​
* នាយក​បឋមសិក្សា ទទួលបាន ១,៣៣១,០០០​រៀល​។​
* នាយ​កម​ត្តេ​យ្យ​សិក្សា ទទួលបាន ១,៣១១,០០០​រៀល​។​

​បៀវត្ស​ទាប​បំផុត​របស់​គ្រូបង្រៀន ទទួលបាន ៩៥៣,៥០០​រៀល​។​

​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ទៀតថា ប្រាក់បៀវត្សរ៍​ខាងលើនេះ គិត​បញ្ចូល​តែ បៀវត្ស​មូលដ្ឋាន និង​ប្រាក់​បំណាច់​មុខងារ នៅ​មិនទាន់​បូក​បន្ថែម អាចជា​ប្រាក់​វិភាជន៍​គ្រួសារ (​ប្រពន្ធ និង​កូន​) ដែល​ប្រពន្ធ​ទទួលបាន ១៥,០០០​រៀល​, កូន​ម្នាក់ ទទួលបាន​១០,០០០​រៀល និង​ប្រាក់​តំបន់​ដែល​ចែកចេញជា​៣​ប្រភេទ​ទៅតាម​ជិត និង​ឆ្ងាយ ដែលមាន​ចំនួន ៨០,០០០​រៀល​, ១០០,០០០​រៀល និង​ខ្ពស់បំផុត ១២០,០០០​រៀល​។​

​ក្រៅតែពី​ការដំឡើងប្រាក់បៀវត្សរ៍ មុខ​ចូលឆ្នាំ​ខ្មែរ​ហើយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា ថែមទាំង​ផ្ដល់នូវ​ប្រាក់ឧបត្ថម្ភ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខែ្មរ ជូន​មន្ត្រីរាជការ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធ​ផងដែរ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥​ម៉ឺន​រៀល ដែល​សរុប​ទាំងអស់​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ៧​លាន​ដុល្លា​អាមេរិក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២២ ខែមីនា​ម្សិ​ញ​មិញ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស​ជិត​១​ពាន់​នាក់ ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​ថ្លែង​បញ្ជាក់ជូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន អំពី​ផលប្រយោជន៍​ជាច្រើន​ដែល​ពួកគាត់​នឹង​ទទួលបាន ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​ផលប្រយោជន៍​ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន ដែល​នឹង​ទទួលបាន​រួមមាន​ទី​១៖ កា​រប​ញ្ជុះ​អត្រា​ការប្រាក់ សម្រាប់​ប្រាក់កម្ចី ដែល​សម្តេច​តេ​ជោ អះអាងថា ពី​ចំនួន​លើសពី​២៥% ក្នុង​១​ឆ្នាំ មក​នូវត្រឹម​១៨%​ក្នុង​១​ឆ្នាំ​។ ទី​២៖ កា​រប​ញ្ជុះ​តម្លៃ​អគ្គិសនី​។ ទី​៣៖ កា​រប​ញ្ជុះ​តម្លៃ​ទឹក និង​ទី​៤៖ ការដំឡើងប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា ប្រកាប់​ខែ​គ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅ​ត្រូវ​បើក​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧​នេះ​៕
(all readers's comments can help improve the information, as well as better social)