Posted Thursday, March 23, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 1725


មូលនិធិ​សង្គ្រោះ​កុមារ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ (UNICEF) បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ក្រុមហ៊ុន​អាមេរិក Ambrosia ដែល​ប្រមូល​ទិញ​ទឹកដោះ​ស្ត្រី​ខ្មែរ យកទៅ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សា​នៅ​អាមេរិក ។ UNICEF  ចាត់ទុកថា ជំនួញ​បែបនេះ គឺជា​ការ​បឺត​ជញ្ជក់​ញើស​ឈាម​របស់​ស្ត្រី​ក្រីក្រ ដើម្បី​ផលប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់ The Guardian​។​

​អង្គការ UNICEF បាន​បញ្ជាក់ថា ទឹកដោះ​គឺជា​តម្រូវ​សំខាន់​ពិតមែន សម្រាប់​ស្ត្រី​ដែល​មិនអាច​ផ្ដល់​ទឹកដោះ​គ្រប់គ្រាន់​ដល់​កូន​របស់​ពួកគេ នៅក្នុង​សហ​អាមេរិក ។ ប៉ុន្តែ​តម្រូវការ​របស់​ស្ត្រី​ទាំងនោះ គឺ​វា​មិនបាន​ផ្តល់​ប្រយោជន៍​ដល់​ស្ត្រី​ដែល​រស់នៅក្នុង​ប្រទេស​កំ​ពុង​អភិវឌ្ឍ ក្នុងការ​បូមទឹក​ដោះ​លក់​ដើម្បី​ចំណូល​បន្តិចបន្តួច​សម្រាប់​ចិញ្ចឹម​កូន​របស់​ពួកគាត់​នោះទេ​។ ផ្ទុយទៅវិញ​អង្គការ UNICEF បាន​ព្រមាន​ថា ការបន្ត​ឲ្យ​ក្រុមហ៊ុន Ambrosia ទិញ​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៅ​ផលិត​ជា​របប​អាហារ​សម្រាប់​កុមារ នៅក្នុង​ទីផ្សារ​អាមេរិក​នេះ វា​នឹងធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ទាំងនោះ​មាន​បញ្ហា​សុខភាព​។ ហើយ​កូន​របស់​ពួកគេ​ក៏​មិនអាច​ទទួលបាន​ទឹកដោះ​គ្រប់គ្រាន់​ពី​ម្ដាយ​ផងដែរ នៅពេលដែល​ស្ត្រី​ខ្មែរ​ទាំងនោះ​បូមទឹក​ដោះខ្លួន​លក់ ដោយ​មិន​បានទទួល​អាហារ​បរិភោគ​សមរម្យ សម្រាប់​ផ្គ​ត​ផ្គង់​កម្លាំង​វិញ​។​

​អង្គការ UNICEF បាន​ចេញមុខ​ថ្គោល​ទោស​ចំពោះ​ក្រុមហ៊ុន Ambrosia ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក​មួយ​នេះ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចុះ​អន្តរាគមន៍​ទប់ស្កាត់​បញ្ហា​នេះ​ជាបន្ទាន់​។ មន្ត្រី​អង្គការ UNICEF ប្រចាំ​កម្ពុជា ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន AP បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​ផលិត​ទឹកដោះ​នេះ មិនគួរ​ឲ្យ​មានដំណើ​ការប្រមូលទិញ​ទឹកដោះ​ពី​ស្ត្រី​ខ្មែរ​ទេ ព្រោះ​វា​ជា​ជំនួញ​ដែល​បឺត​ជញ្ជក់​ញើស​ឈាម​របស់​ស្ត្រី​ក្រីក្រ ដើម្បី​ផលចំណេញ​របស់​ពួកគេ​នោះទេ​។ ពីព្រោះ​ទឹកដោះ​គឺជា​កោសិកា​របស់​មនុស្ស ដូចជា​នឹង​សរសៃឈាម​ផងដែរ ដូច្នេះ​ជំនួញ​បែបនេះ គួរតែ​ត្រូវបាន​ហាមឃាត់​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​ចុះហត្ថលេខា ហាមឃាត់​ជំនួញ​របស់​ក្រុមហ៊ុន Ambrosia នេះ ឲ្យ​បញ្ឈប់​ការនាំចេញ​បណ្ដោះអាសន្ន​សិន ដោយ​តម្រូវ​ឲ្យ​មានការ​សុំច្បាប់​ពី​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​។ ហើយ​ក្រសួង​សេដ្ឋកិច្ច ក៏​នឹង​ប្រជុំពិភាក្សា​គ្នា​ថា តើ​គួរតែ​អនុ​ញ្ញ​ត​ឲ្យ​ក្រុមហ៊ុន​បន្តដំណើ​ការទិញ​ទឹកដោះ​ស្ត្រី​ខ្មែរ​ទៀត ឬក៏​បញ្ឈប់​ផងដែរ​។ នេះ​បើតាម​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​លោក គុន ញឹម ។​

​ក្រុមហ៊ុន Ambrosia ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Utah សហរដ្ឋអាមេរិក បានចាប់ផ្ដើម​ដំណើការ នាំចេញ​ទឹកដោះមនុស្ស ទៅ​លក់​នៅ​ទីផ្សា​អាមេរិក​ដំបូង​គេ​បង្អស់ សម្រាប់​មាតា​ដែល​ត្រូវការ​ទឹកដោះ ជំនួស​របប​អាហារ​របស់​កូន​ពួកគេ ជាពិសេស​ស្ត្រី​ដែល​កង្វះ​ទឹកដោះ​។ ក្រុមហ៊ុន​នេះ បាន​ដើរ​ប្រមូល​ទិញ​ទឹកដោះ​នៅក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដោយ​យកទៅ​ក្លាស្សេ​ឲ្យ​បានល្អ មុននឹង​នាំចេញ​ទៅ​លក់​ក្នុង​ទីផ្សារ​អាមេរិក ដែលជា​ទីកន្លែង​យក​ទឹកដោះ​ទៅ​កម្ចាត់​មេរោគ ហើយ​លក់​ក្នុងតម្លៃ​២០​ដុល្លារ ក្នុង​មួយកញ្ចប់ ដែលមាន​រង្វាស់​១៤៧​មី​ល្លី​លីត្រ​៕
(all readers's comments can help improve the information, as well as better social)