Posted Wednesday, March 29, 2017 | ដោយ៖ ដឺណេសិនប៉ុស្តិ៍ | Posted in  Nation , Social News | Read 10223


ភ្នំពេញ​៖ នាពេល​ខាងមុខនេះ​គ្រប់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិនទាន់​កាត់ឈ្មោះ​កម្មសិទ្ធិ​នឹងត្រូវ​ផាកពិន័យ ហើយនឹង​ត្រូវ​បញ្ជូនទៅ​តុលាការ​បើ​មិនទាន់​កាត់ឈ្មោះ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧ ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្ដីពី​បច្ចេកទេស​ត្រួតពិនិត្យ​រឹតបន្តឹង​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ការបើកបរ​ល្មើស​ល្បឿន​កំណត់ និង​ប្រព័ន្ធ​កត់ត្រា​បទល្មើស​ចរាចរ​ណ៍ ។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​បានលើកឡើង​បន្ត​ដែរ​ថា នាពេល​ខាងមុខនេះ​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​គឺ​ទៅតាម​ស្លាក​លេខ​យានយន្ត ហើយ​វិក្កយបត្រ​នឹង​ផ្ញើ​ទៅ​អាស័យដ្ឋាន​តាម​ស្លាក​លេខ​យានយន្ត ។ ឯកឧត្តម​បាន​បញ្ជាក់ដែរថា រាល់​ម្ចាស់​យានយន្ត​ដែល​មិនទាន់​កាត់ឈ្មោះ​ត្រូវយក​លិខិត​ទិញ​-​លក់ ពេល​មក​ទទួល​ការផាកពិន័យ ហើយ​តម្រូវ​កាត់ឈ្មោះ​ម្ចាស់​យានយន្ត បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​មានការ​ផាកពិន័យ ឬ​ត្រូវ​បញ្ជូនទៅ​តុលាការ​លើ​ការមិន​កាត់ឈ្មោះ​នៅពេល​មានច្បាប់​អនុម័ត​ពី​អន្តរក្រសួង ។​

​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​នោះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​បន្តទៀតថា រាល់​ការអនុវត្ត​រឹតបន្តឹង​បទល្មើស​ចរាចរណ៍​ត្រូវបាន​អនុវត្ត​នៅតាម​តំបន់​ដើមទី និង​ចុង​ទី ហើយ​ចំពោះ​ការត្រួតពិនិត្យ​ជាតិ​ស្រវឹង​ត្រូវការ​អនុវត្ត​រៀងរាល់​យប់​ទៅតាម​គោលដៅ ។ ឆ្លៀត​ក្នុងឱកាស​នោះដែរ​ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​ចូលរួម​ក្នុង​វគ្គ​បំប៉ន​នេះ​គោរព​វិន័យ​របស់​នគរបាល និង​ត្រូវមាន​ក្រម​សីល​ធ៌​ម​ល្អ​ក្នុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ ព្រោះថា​រាល់​មន្ត្រីនគរបាល​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស នឹងត្រូវ​ទទួល​វិន័យ​កងកម្លាំង ឬក៏​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​របស់​តុលាការ ។​

​គួរ​បញ្ជាក់ដែរថា វគ្គ​បំប៉ន​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧ ក្រោម​ការគាំទ្រ​ជំនួយ​ប​ចេ្ច​ក​ទេស និង​ថវិកា​ពី​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​ដោយមាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​មកពី​គ្រប់​បណ្ដាល​ស្នងការដ្ឋាន​នគរបាល ២៥​រាជធានី​-​ខេត្ត រួមទាំង​មន្ត្រី​ជំនាញ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់ ៕
(all readers's comments can help improve the information, as well as better social)