ពិតណាស់ ការពពោះជាជំហានមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់ស្រ្តីទាំងមូល ពោលទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ជាទូទៅ អំលុងពេលស្រ្តីកំពុងពពោះតែងជួបប្រទះការផ្លាស់ប្ដូរនៅលើរាងកាយដូចជា ឡើងទម្ងន់ឬសង្វារ សាច់ដុះ ជាំមុខនៅពេលពពោះ សក់ជ្រុះ និងការផ្លាស់ប្ដូរអារម្មណ៍ជាញឹកញាប់ ប៉ុន្តែការផ្លាស់ប្ដូរនៃផ្នែករាងកាយនេះ មួយចំនួនអាចនឹងមិនវិលត្រលប់មករកសភាពដើមវិញឡើយ។
សំណួរមួយសួរថា ស្រ្តីដឹងថាវាពិបាក ផ្តល់ផលអាក្រក់បែបហ្នឹងហើយ ហេតុអ្វីនៅតស៊ូនឹងបន្តវាទៀត? ចម្លើយដ៏ងាយយល់បំផុត គឺគ្មានជម្រើស។ មិនថាសម្រាប់ខ្លួនឯង គ្រួសារនិងសង្គម ការពពោះជាបន្ទុកភារកិច្ចដ៏ចាំបាច់សម្រាប់នាងត្រូវតែធ្វើ។ ប៉ុន្តែអ្វីដែលលះបង់របស់នាង បែរជាគេមិនឱ្យតម្លៃនិងគាំទ្រគាត់ទៅវិញ។ ជាក់ស្តែង៖
- ពេលនាងត្អូញត្អែរ ហត់នឿយលំបាកពីការមើលថែកូន អ្នកដទៃបែរជាថាឱ្យនាង៖ អ្នកណាប្រាប់ឱ្យមានកូន?
- ពេលនាងយំព្រោះតែឈឺនឹងរបួសក្រោយពេលសម្រាល អ្នកដទៃបែរជាគិតថា៖ រំអួយម៉្លេះ ម្តេចមិនចេះទ្រាំ?
- ពេលនាងត្រូវឈប់ធ្វើការងារព្រោះដើម្បីទៅមើលថែកូន អ្នកដទៃយល់ថា៖ នាងខ្ជិល។
- ពេលនាងចេញទៅធ្វើការងារ ដើម្បីរកលុយចិញ្ចឹមកូន អ្នកដទៃសួរនាង៖ បើចេញពីផ្ទះបាត់ នរណានឹងមើលថែកូននាង?
- ពេលនាងចង់ទុកកូននៅផ្ទះម្តាយក្មេក អ្នកដទៃយល់ថា៖ សូម្បីកូនខ្លួនឯងក៏ឱ្យអ្នកផ្សេងចិញ្ចឹមដែរ!
- ពេលនាងនៅផ្ទះ គ្មានការងារធ្វើ បានត្រឹមជាស្ត្រីមេផ្ទះ អ្នកដទៃចោទនាងថា៖ ដេកស៊ីលើប្តី មិនចេះរកចំណូលចូលផ្ទះសោះ!
- ពេលនាងចង់នៅលីវ លែងចង់បានប្តីឬកូន អ្នកដទៃពេបជ្រាយថា៖ ចាំមើលចាស់ទៅនៅម្នាក់ឯង គ្មានអ្នកមើលថែ ដឹងថាវេទនាបែបណាហើយ!
វាមានរឿងជាច្រើនទៀត ដែលកើតមកជាស្ត្រីជួបបញ្ហានិងប្រឈមមុខទាំងខ្លួនឯងមិនខុសទាល់តែសោះ! ហើយអ្វីដែលអាក្រក់ជាងនេះ ៩០ភាគរយនៃឃ្លាខាងលើនេះត្រូវបាននិយាយដោយស្ត្រីដទៃទៀត។ កើតជាស្ត្រីដូចគ្នា ហេតុអ្វីបានជាមិនយល់ទុក្ខលំបាកវេទនាដែលជាតិកំណើតស្ពាយមក? បើយើងមិនរៀនចេះគាំទ្រគ្នាទៅវិញទៅមក ថាតើចាំនរណាគេគាំទ្រឱ្យតម្លៃពួកយើង? សូមលុបបំបាត់ការរើសអើងស្រ្តី ហើយផ្តល់និងយល់តម្លៃពីការពលីរបស់ពួកគាត់៕
(all readers's comments can help improve the information, as well as better social)